(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៩ ខែមករានេះ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ។
បានបន្តចុះបង្ក្រាប ការប្រើឧបករណ៍នេសាទល្មើសច្បាប់ ក្នុងស្រុកកំពង់ត្រឡាច និងឃាត់ការដឹកជញ្ជូនផលផលិតផល ជលផលប្រភេទលៀស ដោយគ្មានលិខិតអនុញ្ញាត នៅស្រុកបរិបូណ៌។
លោក លី ហុងស្រេង នាយរងខណ្ឋរដ្ឋបាលជលផល កំពង់ឆ្នាំងបានឱ្យដឹងថា សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង-ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ។
បានសហការចុះរុះរើរបាំងលូស្បៃមុង នៅម្តុំទន្លេកំពង់ក្ដារ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច។
ក្នុងនោះ វត្ថុតាងត្រូវបានបំផ្លាញចោលនៅនឹងកន្លែងមាន- របាំងស្បៃមុង៧កន្លែងប្រវែង២០០ម-លូស្បៃមុងចំនួន៧-បង្គោល២០០ដើម-ត្រីចម្រុះប្រមាណ១០គីឡូក្រាម ចាក់លែងចូលទន្លេវិញ។
បន្ទាប់ពីបង្ក្រាបឧបករណ៍ល្មើសនេសាទ កម្លាំងសង្កាត់រដ្ឋបាលជលផលបរិបូណ៌ សហការជាមួយកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពពេល។
មន្ត្រីបានចុះឃាត់រថយន្ត១គ្រឿង នៅត្រង់ភូមិសាលាឃុំ ភូមិសាលាឃុំពពេល ស្រុកបរិបូណ៌ ដែលដឹកជញ្ជូនផលផលិតផលជលផលប្រភេទ លៀស គ្មានលិខិតអនុញ្ញាត ។
បន្ទាប់មកក្រុមការងារបានយករថយន្ត ទៅរក្សាទុកនៅសង្កាត់រដ្ឋបាលជលផលបរិបូណ៌ ដើម្បីអនុវត្តពិន័យតាមច្បាប់ស្ដីពីជលផល។
ដោយឡែកលៀសចំនួន២៧០ការ៉ុង កម្លាំងជំនាញ បានចាក់លែងចូលក្នុងដែននេសាទវិញ៕