(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
បានឲ្យដឹងថា ជនដៃដល់ចំនួន៤នាក់ ដែលបានបាញ់បោះសេរី នៅផ្ទះលំហែលើភ្នំគិរីរម្យ ក្នុងពិធីខួបកំណើតនោះ បានចូលមកសារភាពកំហុស នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជាមួយកាំភ្លើងខ្លី៣ដើម..!។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនមេក្លោងដែលជាម្ចាស់ទីតាំងឈ្មោះ កង តារាវិឆៃ (ហៅកង ឆាយ)កំពុងរត់គេចខ្លួន ហើយកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីចាប់ខ្លួន!។
ផ្ទះលំហែ ដែលកើតហេតុការណ៍ មិនមែនជាកម្មសិទ្ធិរបស់ឈ្មោះ គៀង ចាន់តួ ដែលជាកូនរបស់នាយឧត្តមសេនីយ៍ គៀន សាវុធ នោះទេ ពោលគឺ លោកបានលក់មកឲ្យឈ្មោះ កង តារាវិឆៃ ហៅ កងឆាយ រួចហើយ។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ទាំង៤នាក់ខាងលើ បានសារភាពថា នៅថ្ងៃកើតហេតុ ពួកគេបាញ់កាំភ្លើងប្រហែលជិត៣០គ្រាប់ប៉ុណ្ណោះ!។ ដោយឡែក សម្រាប់សំបកគ្រាប់ដែលរកឃើញ នៅកន្លែងកើតហេតុ ប្រមាណ២០០គ្រាប់នោះ សមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូងថា កន្លងទៅទីតាំងនេះ ក៏ធ្លាប់បាញ់បោះសេរីបែបនេះដែរ។
គួរម្លឹកថាៈ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានកម្មពីធីខួបកំណើត នៅចំណុច”ផ្ទះលំហែលើភ្នំគិរីរម្យ” ស្ថិតនៅភូមិថ្មី ហៅចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ពោលគឺ ចាប់ពីម៉ោង១៦:០០នាទីរសៀល រហូតដល់យប់ជ្រៅ មានការបាញ់បោះសេរីជាបន្តបន្ទាប់ ដើម្បីអប់អរសាទរ ចំពោះកម្មវិធីខួបកំណើតមួយនេះ.!។
ក្រោយចប់កម្មវិធី អាជ្ញាធរខេត្តកំពង់ស្ពឺ បានចុះពិនិត្យដោយរកឃើញ សំបកគ្រាប់កាំភ្លើងខ្លីចំរុះចំនួន ១១២គ្រាប់។
សំបកគ្រាប់កាំភ្លើងM16ចំនួន ៣៦គ្រាប់ ។
និងសំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់ សរុបចំនួន២០៣គ្រាប់..!។
ក្នុងនោះគណ:កម្មការបាន យកវត្ថុតាងទាំងនោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីធ្វើការស្រាវជ្រាវ ឈានដល់កំណត់មុខសញ្ញាខ្មាន់កាំភ្លើង៕