(ព្រៃវែង)៖ បុរសម្នាក់ត្រូវបានក្របីដេញវ័ធ បណ្ដាលឱ្យធ្លាយពោះវៀនស្លាប់ យ៉ាងអាណោចអាធ័ម និងបុរសម្នាក់ទៀតរងរបួសស្រាល ខណៈពួកគេចូលដេញក្របីកំពុងស៊ីស្រូវ..!។
ហេតុការណ៍នេះ បានកើតឡើង ត្រង់ចំណុចព្រែកបត់ ក្នុងភូមិដង្កៀបក្ដាម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កាលពីរសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។
ជនរងគ្រោះ ២នាក់ មានឈ្មោះ ហោ វណ្ណៈ ហៅចន្រ្ទា ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិដង្កៀបក្តាម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រងរបួស ៣កន្លែងត្រង់ចិញ្ចើមខាងស្ដាំ ទ្រូងខាងស្ដាំ និងធ្លាយពោះផ្នែកខាងស្ដាំ បណ្ដាលឱ្យស្លាប់ ។
និងជនរងគ្រោះម្នាក់ទៀត ឈ្មោះ បេង សុធម៌ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិដង្កៀបក្តាម ឃុំពាមពទ្វារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រងរបួសស្រាល ។
គួរបញ្ជាក់ថា នៅមុនពេលកើតហេតុ ក្របីញី១ក្បាល ដាច់ខ្សែ បោលចេញពីចំណុចបេនលក់គោ-ក្របី ស្វាយអាង៉ោង ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ម្ចាស់ក្របីឈ្មោះ កុយ ណុច ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិជីពាយ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ក្របីនេះបានបោលបាត់តាំងពីល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ មកម្ល៉េះ លុះមកដល់រសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ។
បានចូលមកស៊ីស្រូវប្រាំងរបស់ប្រជាពលរដ្ឋ នៅចំណុចព្រែកបត់ ស្ថិតក្នុងភូមិដង្កៀបក្ដាម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ។
ខណៈនោះជនរងគ្រោះឈ្មោះ ហោ វណ្ណៈ ហៅ ចន្រ្ទា បានទៅដេញឱ្យចេញពីស្រែ តែចៃដន្យក្របីមិនចេញ ថែមទាំងដេញវ័ធរហូតដល់ស្លាប់ ចំណែកជនរងគ្រោះម្នាក់ទៀតត្រូវក្របីដេញវាត់ដែរ តែរត់រួចរងរបួសស្រាល ។
ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក បានចុះដល់ទីតាំងកើតហេតុ ពិនិត្យ ធ្វើកោសល្យវិច័យយ៉ាងយកចិត្តទុកដាក់ ជាលទ្ធផល ជនរងគ្រោះពិតជាបានស្លាប់ដោយសារក្របីវ័ធពិតប្រាកដមែន ។
បច្ចុប្បន្ន៖ សពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕