(ព្រះវិហារ)៖ កម្លាំងកងពលតូចអន្តរាគមន៍លេខ៨ និងអាវុធហត្ថស្រុកជាំក្សាន្ត សហការបង្រ្កាប ករណីគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ៣នាក់ ហើយបានបញ្ជូនទៅតុលាការ។
ការបង្ក្រាបនេះធ្វើឡើង នៅត្រង់UTM ៤៥៩៩០៦-១៥៧៤៧៤១ ស្ថិតក្នុងភូមិ ចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកវរសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការអាវុធហត្ថ ស្រុកជាំក្សាន្តបានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ត្រី កងសៅគុណ មេបញ្ជាការអាវុធហត្ថ ខេត្តព្រះវិហារ កម្លាំងជំនាញបានចុះបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់គ្រឿងញៀន។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ -ឈ្មោះ សូនី ចាន់ណា ជាមុខសញ្ញាទើបចេញពីពន្ធនាគារ អាយុ៣១ឆ្នាំនៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ។
ឈ្មោះ និល សុខណែត អាយុ២០ឆ្នាំ នៅភូមិស្រអែមខាងត្បូង ឃុំកន្តួត ស្រុកជាំក្សាន្ត។ឈ្មោះ រឿន ម៉ារិ អាយុ ១៩ឆ្នាំនៅភូមិធម្មជាតិតេជោ ឃុំស្រអែម ខេត្តព្រះវិហារ ។
ពេលឃាត់ខ្លួនសមត្ថកិច្ចបាន ដកហូតវត្ថុតាងគ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន១កញ្ចប់, ទូរសព្ទដៃ៣គ្រឿង-ម៉ូតូ២គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន។
ក្រោយសាកសួរផ្នែកជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់៕