សារព័ត៌មានជប៉ុន Kyodo នៅថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈនេះបានរាយការណ៍ថា រដ្ឋាភិបាលទីក្រុងតូក្យូ នឹងសន្យាផ្ដល់ជំនួយទំហំ ១៥.៨ពាន់លានយ៉េន ស្មើនឹង ១០៦លានដុល្លារ សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន នៅឯសន្និសីទមួយដែលនឹងត្រូវរៀបចំឡើងក្នុងទីក្រុងតូក្យូ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ។
ទីភ្នាក់ងារសារព័ត៌មាន Kyodo ដោយផ្អែកលើប្រភពជាច្រើនក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាជំនួយខាងលើនឹងត្រូវបានប្រើប្រាស់ក្នុងការស្ថាបនា ឡើងវិញនូវវិស័យចំនួន៧ របស់អ៊ុយក្រែន ក្នុងនោះរួមមានទាំងកសិកម្មជាដើមនិងដោះមីនផងដែរ។
ដោយឡែក បើតាមទូរទស្សន៍ជប៉ុន NHK វិញ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal ត្រូវបានរំពឹងថានឹងចូលរួមក្នុងសន្និសីទនោះជាមួយអ្នកតំណាងរដ្ឋាភិបាល និងក្រុមហ៊ុនជាច្រើន មកពីប្រទេសទាំង២។ ប៉ុន្តែ ភ្លាមៗ គណៈរដ្ឋមន្ត្រីជប៉ុន មិនទាន់ធ្វើអត្ថាធិប្បាយអ្វីចំពោះសេចក្ដីរាយការណ៍នេះទេ។
គួរបញ្ជាក់ថា តាមរដ្ឋធម្មនុញ្ញសព្វថ្ងៃ ជប៉ុនមិនអាចប្រគល់អាវុធឱ្យប្រទេសមួយដែលកំពុងមានសង្រ្គាមនោះទេ ប៉ុន្តែកាលពីខែធ្នូ ឆ្នាំ២០២៣ ជប៉ុនបាននិយាយថា ខ្លួននឹងបញ្ជូនប្រព័ន្ធមីស៊ីល Patriot ទៅកាន់សហរដ្ឋអាមេរិក ដែលត្រូវបានគេរំពឹងថាអាចនឹងបញ្ជូនបន្តទៅឱ្យអ៊ុយក្រែន៕