(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ បានអញ្ជើញជាអធិបតីក្នុងពិធី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នៅសណ្ឋាគារសុខាភ្នំពេញ។
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួង អធិការកិច្ចក្នុងការធ្វើកំណែទម្រង់នូវតាមក្រសួង ស្ថាប័ននានា ។
ខណៈការខិតខំនេះគឺបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់នូវឆន្ទៈដោយឥតងាករេរបស់រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី៧នេះ។
សម្តេចធិបតី បានថ្លែងថា ក្រសួងអធិការកិច្ច គឺជាយន្តការ មួយរបស់រាជរដ្ឋាភិបាល ដែលមានមុខងារធ្វើអធិការកិច្ចនៅតាមគ្រប់វិស័យទាំងអស់ ហើយសម្តេចបានចាត់ទុកថា ក្រសួងអធិការកិច្ចនេះ គឺជាភ្នែក ត្រចៀករបស់រាជរដ្ឋាភិបាល។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា កិច្ចការងារអធិការកិច្ចនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ដូចជាអាណត្តិកន្លងទៅ បានចាត់ទុកជាស្នូលធំបំផុត គឺកិច្ចការងារអធិការកិច្ចមានន័យថា រៀបចំផ្ទះខ្លួនឯងឱ្យស្អាត ទើបអាចចេញទៅបម្រើប្រជាពលរដ្ឋបាន។
ក្នុងន័យនេះក្រសួងអធិការកិច្ចបានដើរតួនាទីសំខាន់ ដើម្បីបញ្ជាក់ពីការពង្រឹងកិច្ចការអភិបាលកិច្ចនេះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ សម្ដេចធិបតីថ្លែងថា៖បើរដ្ឋមិនទាន់គ្រប់គ្រងខ្លួនឯងបានទេ សួរថាតើរដ្ឋអាចទៅធ្វើអ្វីបាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកកិច្ចការងារអធិការរកិច្ចនេះ គឺជាកិច្ចការងារសំខាន់ ប៉ុន្ដែកិច្ចការងារនេះ ក្រសួងអធិការកិច្ចត្រូវមើលផ្ទះខ្លួនឯង និងត្រូវមើលលើកិច្ចការងាររដ្ឋឱ្យស្អាតជាមុន។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើតនូវយន្តការតាមដានសមិទ្ធកម្មផ្សេងៗនៅតាមក្រសួង ស្ថាប័នដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចការងារនៅតាមបណ្ដាក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីធ្វើយ៉ាងណាអនុវត្តការងារឱ្យមានប្រសិទ្ធភាពទៅដល់ប្រជាពលរដ្ឋ។
សម្ដេចធិបតី ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធពិនិត្យរៀបចំបង្កើតយន្តការមួយច្បាស់លាស់ ដែលជាអ្នកតាមដានត្រួតពិនិត្យបន្ថែមទៀត លើការអនុវត្តកិច្ចការងារអធិការកិច្ចនេះ ដើម្បីធ្វើយ៉ាងណាឱ្យការងារអធិការកិច្ច និងសវនាកម្មនេះ មានរបៀបរៀបរយ មានស្ដង់ដាល្អ និងមានប្រសិទ្ធភាព មិនអនុវត្តជាន់គ្នា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ស្នើសុំកុំឱ្យមានការចុះត្រួតពិនិត្យការងារជាន់ គ្នា ជាពិសេសការងារអធិការកិច្ច ដើម្បីបញ្ចៀសការខាតបង់ពេលវេលា ថវិកា និងអនុវត្តជាន់តួនាទីគ្នា ជាដើម។
សម្ដេចធិបតី បានបញ្ជាក់ថា ការអនុវត្តការងារអធិការកិច្ច គឺជាការអនុវត្តអភិបាក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និងព្យាបាល មិនមែនជាការវះកាត់នោះទេ ដូច្នេះក្រសួង ស្ថាប័ននានា ត្រូវចូលរួមសហការលើការអនុវត្តកិច្ចការងារនេះ។
សម្ដេចធិបតីថ្លែងថា៖យើងអនុវត្តមិនមែនប៉ះដៃកាត់ដៃ ប៉ះជើងកាត់ជើងនោះទេ ប៉ុន្ដែគឺជាការកែសម្រួលលើការអនុវត្តកិច្ចការងារដែលនៅមានការខ្វះខាត៕