កងកម្លាំងការពារអ៊ីស្រាអែល(IDF) បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថាៈ យោធាខ្លួនបានធ្វើការវាយប្រហារ ទៅលើប្រទេសលីបង់ ដើម្បីឆ្លើយតបទៅ នឹងការបាញ់ផ្លោងដោយអង្គការស៊ីអ៊ីត Hezbollah នៅតំបន់ព្រំដែន ភាគខាងជើង។
សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមថា មួយរយៈមុន យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ របស់កងកម្លាំងការពារអ៊ីស្រាអែល ។
ក៏បានវាយប្រហារគោលដៅភេរវករក្នុងប្រទេសលីបង់ផងដែរ ដើម្បីជាការឆ្លើយតបទៅនឹងការបាញ់ផ្លោងរបស់ពួកហេសបូឡា លើទឹកដីអ៊ីស្រាអែល។
ទន្ទឹមនោះ IDF ក៏បានបញ្ជាក់ថា ក្នុងចំណោមគោលដៅទាំងនោះមានហេដ្ឋារចនាសម្ព័ន្ធរបស់ហេសបូឡា មជ្ឈមណ្ឌលបញ្ជា និងប៉ុស្តិ៍យោធាដែលប្រើប្រាស់ដោយអ្នកគាំទ្រអង្គការស៊ីអ៊ីត ផងដែរ។
គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះ កងកម្លាំងការពារអ៊ីស្រាអែល បានរកឃើញមានការបាញ់គ្រាប់ផ្លោងចេញពីប្រទេសលីបង់ នៅឯប៉ុស្តិ៍ IDF ក្បែរភ្នំ Har-Dov ដែលបានធ្លាក់ក្នុងដីបើកចំហ។
រហូតមកដល់ពេលនេះ មិនទាន់មានអ្នកស្លាប់ និងរបួសត្រូវបានរាយការណ៍ទេ ខណៈក៏មានការឆ្លើយតបពី IDF ផងដែរ៕