(កណ្ដាល)៖ តុលាការខេត្តកណ្តាល បានសម្រេចឃុំខ្លួនបុរស ជនជាតិវៀតណាមម្នាក់ ករណីបើករថយន្ត FORD RAPTOR ផ្លាកលេខ ខេមរភូមិន្ទ 012-1862 បុករះបណ្តាលឱ្យរបួសធ្ងន់៣នាក់ និង២៦នាក់ទៀតរបួសស្រាល..!។
(ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ PHAM MINH CHAN ភេទប្រុស ជនជាតិវៀតណាម ដែលបើករថយន្តម៉ាក FORD RAPTOR ពណ៌ក្រហម ពាក់ស្លាកលេខ ខេមរភូមិន្ទ01 2-1862 បុករះបណ្តាលឱ្យមនុស្ស២៩នាក់រងរបួសធ្ងន់ស្រាល។)
តាមសេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យសាលាដំបូង ខេត្តកណ្តាលបាន ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ករណីសំណុំរឿងព្រហ្មទណ្ឌលេខ ៤៨២ បង្កឡើងដោយឈ្មោះ PHAM MINH CHAN ភេទប្រុស ជនជាតិវៀតណាម។
ជនសង្ស័យបើករថយន្តម៉ាក FORD RAPTOR ផ្លាកលេខ ខេមរភូមិន្ទ012-1862 បុករះបណ្តាលឱ្យមានជនរងគ្រោះ២៩នាក់ របួសធ្ងន់ ៣នាក់ និងរបួសស្រាល ២៦នាក់។
ហេតុការណ៍នេះបានកើតឡោះងនៅ ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។
តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ PHAM MINH CHAN ជនជាតិវៀតណាមរូបនេះ។ ពីបទល្មើសបើកបរ ដោយធ្វេសប្រហែសខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យមានរបួសដល់អ្នកដទៃ តាមមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក, បទល្មើសបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន។
បទល្មើសរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ និងមាត្រា៦៣ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបទល្មើសប្រើប្រាស់ ។
ដោយគ្មានសិទ្ធិនូវយានយន្តដែលមានសញ្ញាសម្គាល់ ប្រើប្រាស់ដោយនគរបាល ឬយោធា តាមមាត្រា៦១៥ នៃក្រមព្រហ្មទណ្ឌ៕