ជនរងគ្រោះកំពុងដង្ហើយរកយុត្តិធម៌ ខណៈគេកាប់ស្ទើរដាច់ដៃជិត១ខែហើយ បែរជាសមត្ថកិច្ចស្រុកកែវសីមាមិនចាប់ខ្លួនជនល្មើស!

(មណ្ឌលគិរី)៖ ផ្ដើមពីរឿងបើករ៉ឺម៉កម៉ូតូដឹកអុស.កាត់ចម្ការស្វាយចន្ទី បង្កជាជម្លោះខ្លាំងក្លា ខណៈភាគីម្ចាស់ចម្ការទាញកាំបិតផ្គាក់ កាប់អ្នកបើករ៉ឺម៉កស្ទើរដាច់ដៃ….!។
ដោយជនរងគ្រោះថ្លែងថា ដំណោះស្រាយរបស់សមត្ថកិច្ចគ្មានតម្លាភាព..!។
ប៉ុន្តែសមត្ថកិច្ចឆ្លើយថា កំពុងធ្វើនីតិវិធីហើយ…!។

ហេតុការណ៍កាប់គ្នានេះ បានកើតឡើង ត្រង់ចំណុចង៉ាំ០៧ ស្ថិតនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃ០៥.០២.២០២៤។

ជនរងគ្រោះឈ្មោះ ឌីន សុខហេង ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី(របួសធ្ងន់)។

ចំណែកជនដៃដល់ឈ្មោះ ម៉ាន មុសតាហ្វា ភេទប្រុសអាយុ៥០ឆ្នាំជនជាតិ”ខ្មែរឥស្លាម”នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រួមនិងកូនប្រុសម្នាក់ទៀត។

សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថា នៅមុនកើតហេតុជារៀងរាល់លើក ជនរងគ្រោះរួមនិងប្រពន្ធតែងតែ បើករ៉ឺម៉កម៉ូតូដឹកអុស ទៅលក់ឱ្យឈ្មួញវៀតណាម នៅក្បែរព្រំដែនកម្ពុជា-វៀតណាម ជាប្រចាំ..!។

លុះដល់ថ្ងៃកើតហេតុ ខ្លួនក៏បានដឹកអុសដូចសព្វដង ដោយបើកតាមចម្ការស្វាយចន្ទីពលរដ្ឋ ។
ដែលជាប់ព្រំប្រទល់ ជាមួយចម្ការស្វាយចន្ទី របស់ជនដៃដល់ ត្រង់ចំណុចកើតហេតុខាងលើ..!។

ភ្លាមនោះស្រាប់តែ លេចមុខជនដៃដល់មកហៅនិងឃាត់រ៉ឺម៉កខ្លួន ឱ្យឈប់ ដើម្បីសួរនាំ។
ដោយជនដៃដល់និយាយថា៖
-ហែងមានយកគ្រាប់ភ្នែកមកអត់..?។
-ខណៈនោះជនរងគ្រោះ ក៏ឆ្លើយថា ខ្ញុំយកភ្នែកមកតើ..! ។
-ជនដៃដល់សួរទៀតថា បើហែងយកភ្នែកមកហេតុអ្វីបានជា បើកកាត់ដីអញ..? ក្នុងនោះក៏មានការប្រកែកប្រណាំងគ្នា..!។

ដោយភាគីរងគ្រោះបានទូរស័ព្ទទៅបងប្អូនចំនួន៣នាក់ទៀត ឱ្យមកជួយខ្លួន ខណៈភាគីជនដៃដល់មានគ្នា២នាក់.ឪពុកនិងកូនប្រុស..!។

ទន្ទឹមនិងនោះ ស្រាប់តែជនដៃដល់ ស្ទុះទាញកាំបិតផ្គាក់ របស់ជនរងគ្រោះពីលើរ៉ឺម៉ក.!។
មកកាប់កង់ម៉ូតូ បណ្ដាលឱ្យធ្លាយខ្យល់ បើកទៅមុខលែងកើត បង្កជាជម្លោះប្រតាយប្រតប់គ្នា។
ហើយឈ្មោះ ម៉ាន មុសតាហ្វា បានប្រើកាំបិតផ្គាក់ដដែល កាប់មកលើជនរងគ្រោះ បណ្ដាលឱ្យត្រូវដៃ១កន្លែង មុតជ្រៅដល់ឆ្អឹងដាច់សរសៃដៃ ត្រូវភ្នែក១កន្លែង និងខ្នង១កន្លែង(រងរបួសធ្ងន់)។

ក្រោយកើតហេតុ ក្រុមគ្រួសាររងគ្រោះបានមកប្ដឹង សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលឃុំស្រែខ្ទុម ស្រុកកែវសីមា ។
ដើម្បីឱ្យបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនដៃដល់ ស្របពេលដែល ជនរងគ្រោះកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។

ករណីហិង្សាកាប់គ្នា បណ្ដាលឱ្យរបួសធ្ងន់ជាបន្ទុកមួយ ទៅហើយសម្រាប់ក្រុមគ្រួសារ រងគ្រោះ។
ប៉ុន្តែអ្វីដែលធ្វើឱ្យជនរងគ្រោះ ហួសចិត្ត ថែមមួយកម្រិតទៀតនោះ..!។

គឺរហូតមកទល់និងពេលនេះជិត១ខែហើយ បែរជាសមត្ថកិច្ច មិនចាប់ខ្លួន ជនដៃដល់ យកមកផ្ដន្ទាទោសតាមច្បាប់ ជាហេតុនាំឱ្យជនរងគ្រោះ អស់សង្ឃឹមនិងឈឺចាប់ ថែមមួយកម្រិតទៀត។

ជាការឆ្លើយតបលោក ហេង អ៊ួង អធិការស្រុកកែវសីមា បានថ្លែងប្រាប់«ដើមរាំង»នៅព្រឹកទី០១.០៣.២០២៤ថា ករណីខាងលើសំណុំរឿងបានបញ្ជូនដល់ ការិយាល័យព្រហ្មទណ្ឌខេត្តហើយ! ។

រីឯលោក វ៉ាន ដានីន ស្នងការរងខេត្តមណ្ឌលគិរី បានថ្លែងយ៉ាងខ្លីថា.ជំនាញកំពុងធ្វើនីតិវិធីហើយ ដោយលោក ពុំអាចបញ្ជាក់លម្អិតបានទេ…!។

ទោះជាយ៉ាងណាក៏ដោយ ក្រុមគ្រួសាររងគ្រោះ សូមស្នើយ៉ាងទទូចដល់ថ្នាក់ដឹកនាំ ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី រួមមានលោកអភិបាលខេត្ត ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ស្នងការខេត្តមណ្ឌលគិរី មេត្តាជួយអន្តរាគមន៍ចាត់វិធានការលើជនល្មើស ដើម្បីផ្ដល់យុត្តិធម៌ ឱ្យជនរងគ្រោះផងចុះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version