អាជ្ញាធរសុខាភិបាលហ្គាហ្សា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) ថា ការបាញ់ប្រហាររបស់អ៊ីស្រាអែល ទៅលើហ្វូងមនុស្ស ដែលកំពុងរង់ចាំជំនួយនៅក្បែរទីក្រុងហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីន១០៤នាក់ និង២៨០ នាក់ផ្សេងទៀតរបួស។
យ៉ាងណាមិញ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បាននិយាយថា គ្មានព័ត៌មានអំពីការទម្លាក់គ្រាប់បែកនៅកន្លែងនោះទេ។
ក្រោយមកកងទ័ពបាននិយាយថា មនុស្សរាប់សិបនាក់ បានរងរបួសដោយសារការរុញច្រាន និងរត់ជាន់គ្នា នៅពេលដែលរថយន្តជំនួយបានមកដល់ភាគខាងជើងហ្គាហ្សា។
ប្រភពអ៊ីស្រាអែលមួយបាននិយាយថា កងកម្លាំងបានបើកការបាញ់ប្រហារលើ «មនុស្សជាច្រើន» នៅក្នុងហ្វូងមនុស្ស ដែលបានបង្កការគំរាមកំហែងដល់ពួកគេ។
ការិយាល័យរបស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បាននិយាយថា ខ្លួន «ថ្កោលទោសការសម្លាប់រង្គាលដ៏សាហាវឃោរឃៅ ។
ដែលបានប្រព្រឹត្តដោយកងទ័ពអ៊ីស្រាអែលនៅព្រឹកនេះ ប្រឆាំងនឹងប្រជាជនដែលកំពុងរង់ចាំរថយន្តជំនួយក្បែររង្វង់មូល Nabulsi»។
អ្នកនាំពាក្យក្រសួងសុខាភិបាលនៅហ្គាហ្សា លោក Ashraf Al-Qudra បានគូសបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅរង្វង់មូល Nabulsi ភាគខាងលិចនៃទីក្រុងហ្គាហ្សា។
ទោះជាយ៉ាងណា ក្រុមហាម៉ាស់ បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយថា ហេតុការណ៍នេះអាចនាំទៅដល់ការបរាជ័យនៃកិច្ចពិភាក្សា ។
ដែលមានគោលបំណងឈានដល់កិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។
សេចក្តីថ្លែងការណ៍បាននិយាយថា «ការចរចាដែលធ្វើឡើងដោយមេដឹកនាំនៃចលនានេះ មិនមែនជាដំណើរការបើកចំហ ដែលត្រូវចំណាយឈាមរបស់ប្រជាជនរបស់យើងទេ» ដោយបន្ថែមថា អ៊ីស្រាអែលនឹងទទួលខុសត្រូវ ចំពោះការបរាជ័យណាមួយ នៅក្នុងកិច្ចចរចា៕