(ម៉ែលប៊ន)៖ ស្វែងរកការវិនិយោគ និងបើកទីផ្សារសម្រាប់ផលិតផលកម្ពុជាយើង គឺជាកិច្ចដ៏សំខាន់ក្នុងបេសកកម្មដឹកនាំប្រទេសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត..!។
រាល់ដំណើរបំពេញបេសកកម្មការងារក្រៅប្រទេសសម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា មិនដែលរំលងឡើយវេទិកាធុរកិច្ច ដែលជាវេទិកាផ្សព្វផ្សាយពីសក្តានុពលវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា។
ក្នុងដំណើរបំពេញការងារនៅអូស្ត្រាលី សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចជាច្រើនរូប។
នៅព្រឹកថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី ដែលមានគោលដៅលើកកម្ពស់ការធ្វើធុរកិច្ចរវាងកម្ពុជា និងអូស្ត្រាលី។
ជាពិសេសទាក់ទាញអ្នកវិនិយោគអូស្ត្រាលី ចូលមកវិនិយោគនៅកម្ពុជា។
វេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវិទ័ររៀ ដោយមានការចូលរួមពីវិនិយោគិនចំនួន៣៥០នាក់ និងក្រុមហ៊ុនចំនួន ៣៥០ក្រុមហ៊ុនផងដែរ៕