អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រទេសរុស្ស៊ី មិនមែនជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ទេ ។
ដូច្នេះហើយយើងនឹងមិនទទួលស្គាល់សេចក្តីសម្រេចណាមួយដែលប្រគល់ដោយ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេទេ។
អ្នកនាំពាក្យនិយយបែបនេះ គឺសំដៅលើដីកាចាប់ខ្លួនដែលចេញដោយ ICC ប្រឆាំងនឹងលោក Sergey Kobylash មេបញ្ជាការកងនាវាចរ រយៈចម្ងាយឆ្ងាយរបស់កងកម្លាំងអាកាសរុស្ស៊ី និងមេបញ្ជាការកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី លោក Viktor Sokolov។
មន្ត្រីវិមានក្រឹមឡាំងបានកត់សម្គាល់ថា យើងមិនចូលរួមក្នុងលក្ខន្តិកៈនោះទេ ដូច្នេះយើងមិនទទួលស្គាល់វានោះទ្បើយ។
អញ្ចឹងយើងចាត់ទុកការសម្រេចចិត្តបែបនេះគឺទៅតាមអ្វីដែលពួកគេចង់ដោយខ្លួនឯងទៅចុះ។
លោក Peskov បានបញ្ជាក់ជាថ្មីថា នេះមិនមែនជាការសម្រេចចិត្តដំបូងឡើយរបស់ ICC ប្រឆាំងនឹងរុស្ស៊ី ។
មុននេះ តុលាការដែលមិនទទួលស្គាល់ដោយក្រុងម៉ូស្គូ បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងស្ត្រីតំណាងសិទ្ធិកុមាររុស្ស៊ីលោកស្រី Maria Lvova-Belova។
លេខាធិការសារព័ត៌មានរបស់លោកពូទីនក៏បានកត់សម្គាល់ផងដែរថា ដំណើរការក្តីសម្រេចដោយបិទទ្វារ និងមិនតម្លាភាព មានជាច្រើន ហើយក៏កំពុងដំណើរការបន្ត នៅ ICC ដូច្នេះវាគ្មានអ្វីដែលចម្លែកនោះទ្បើយ។
សូមជម្រាបថា មុននេះ តុលាការ ICC បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយប្រកាសពីការសម្រេចចិត្តរបស់ខ្លួនក្នុងការចេញដីកាចាប់ខ្លួនមន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ីលោក Kobylash និងលោក Sokolov ។
ឯកសារនេះអះអាងថា មេបញ្ជាការរុស្ស៊ីទាំងពីរត្រូវទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម នៅអ៊ុយក្រែន៕