Update៖ អ៊ីស្រាអែល បដិសេធថាខ្លួនមិនបានបាញ់ប្រហារ លើហ្វូងមនុស្ស ដែលកំពុងរង់ចាំជំនួយនោះឡើយ!

ក្រសួងសុខាភិបាលហ្កាហ្សា នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនានេះ បានលើកឡើងថា កងទ័ពអ៊ីស្រាអែល បានបាញ់សម្លាប់ មនុស្ស២០នាក់ និងរបួស១៥៥នាក់។
ខណៈពួកគេកំពុងប្រមូលផ្ដុំគ្នា រង់ចាំទទួលជំនួយមនុស្សធម៌។
ប៉ុន្តែករណីនេះ អ៊ីស្រាអែល បានបដិសេធចោល ដោយថា(រឿងមិនពិត)។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយថា មនុស្សម្នាបានប្រមូលផ្ដុំគ្នារង់ចាំទទួលយកជំនួយ នៅក្នុងទីក្រុងហ្កាហ្សា ស្ថិតនៅ ភាគខាងជើងនៃតំបន់ហ្កាហ្សា ។
នៅពេលដែលពួកគេត្រូវបានបាញ់ប្រហារដោយកងទ័ពអ៊ីស្រាអែល។
ដំបូងឡើយ ក្រសួងនេះបានបញ្ជាក់ថាមានមនុស្ស ១១នាក់ស្លាប់ និងជា១០០នាក់ បានរងរបួសក្នុងហេតុការណ៍នេះ។

លោក Mohammed Ghurab ជានាយកសេវាសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យមួយក្នុងភាគខាងជើងតំបន់ហ្កាហ្សា បានប្រាប់ AFP ថាកងទ័ពអ៉ីស្រាអែលបាន បាញ់រះតែម្ដងលើមនុស្សដែលកំពុងប្រមូលផ្ដុំគ្នាដើម្បីទទួលជំនួយពីរថយន្ដដឹកជំនួយមួយគ្រឿង។

រីឯអ្នកសារព័ត៌មាន AFP ម្នាក់នៅកន្លែងកើតហេតុក៏បាន មើលឃើញសាកសពជាច្រើននាក់ និងមនុស្សដែលត្រូវបានបាញ់ប្រហារផងដែរ។

ទោះជាយ៉ាងណា ខាងយោធាអ៊ីស្រាអែល បានបដិសេធថា ខ្លួនមិនបានបាញ់ប្រហារលើ ប្រជាជនហ្កាហ្សាកំពុងរង់ចាំទទួលជំនួយនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version