នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃអាទិត្យនេះ បានអំនាវឱ្យជនស៊ីវិល ដែលមានចំនួនជាង១នាក់ នៅទីក្រុង Rafah ។
ធ្វើការចាកចេញពីផ្ទះរបស់ពួកគេ ឱ្យបានមុនកងទ័ពអ៊ីស្រាអែល វាយលុកចូលក្នុងពេលឆាប់ៗខាងមុខ។
លោក Netanyahu ធ្វើការកត់សម្គាល់បែបនេះ អំឡុងធ្វើសន្និសីទសារព័ត៌មាន រួមគ្នាមួយជាមួយលោក Olaf Scholz នាឱកាសដែលអធិការបតីអាល្លឺម៉ង់រូបនេះ បំពេញទស្សនកិច្ចទៅកាន់អ៊ីស្រាអែល ។
ខណៈអន្តរជាតិបង្ហាញការព្រួយបារម្ភរឹតតែខ្លាំងឡើងពីជោគវាសនារបស់មនុស្សជិត ១.៥លាននាក់ដែលក្នុងនោះភាគច្រើន ជាជនភៀសខ្លួនពីសង្រ្គាម កំពុងរស់នៅជ្រកកោនក្នុងទីក្រុង Rafah ដែលជាទីជម្រកចុងក្រោយបំផុតរបស់ពួកគេ។
តាមលោក Netanyahu គោលដៅរបស់អ៊ីស្រាអែល គឺនៅតែដដែល នោះគឺកម្ទេចក្រុមហាម៉ាស ។
ហើយលោកផ្ទាល់ក៏បានអនុម័តហើយដែរលើផែនការវាយលុកចូល ទីក្រុង Rafah ទោះបីជាមានសម្ពាធពីអន្តរជាតិកុំឱ្យធ្វើដូច្នេះក៏ដោយ។ ម្យ៉ាងទៀត ដូចគ្នានឹងមេដឹកនាំដទៃដែរ លោក Scholz បានចោទសួរថា «តើមនុស្ស ១.៥លាននាក់នឹងត្រូវបានការពារយ៉ាងដូចម្ដេច? ហើយថាតើពួកគេត្រូវទៅទីណាជាបន្តទៀត»?។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ដែលជាអ្នកផ្ដល់ជំនួយយោធារាប់ពាន់លានដុល្លារសម្រាប់ អ៊ីស្រាអែល បាននិយាយថាខ្លួនចង់ឃើញផែនការច្បាស់លាស់របស់អ៉ីស្រាអែល ក្នុងការការពារអាយុជីវិតជនស៊ីវិល។
តែមកទល់នឹងពេលនេះ អ៊ីស្រាអែលមិនបានបង្ហើបអ្វីនោះទេពីផែនការយោធារបស់ខ្លួន ក្រៅតែពីបញ្ជាក់ថានឹងវាយលុកចូល ទីក្រុង Rafah តាមការគ្រោងទុក៕