(ព្រៃវែង)៖ គ្រោះអគ្គិភ័យបានបំផ្លាញផ្ទះលក់គ្រឿងបន្លាស់រថយន្ដ១កន្លែង នៅស្រុកស្វាយអន្ទរ! បណ្ដាលឱ្យខាតបង់ទ្រព្យសម្បត្តិប្រាក់កាស ប្រមាណជា១លានដុល្លារ។
-ហេតុការណ៍នេះ កើតឡើងនៅក្បែររង្វង់មូលស្វាយអន្ទរ ក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។
នៅពេលកើតហេតុនោះ គេឃើញវត្តមានលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ដឹកនាំកម្លាំងមន្ត្រីជំនាញ ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកអស់៥២រថយន្ត…!។
របាយការណ៍ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន ករណីអគ្គិភ័យភ្លាម លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ។
បានដឹកនាំកម្លាំងនគរបាល និងមន្ត្រីពាក់ព័ន្ធចុះជួយអន្តរាគមន៍ និងពន្លត់ភ្លើង។
ផ្ទះដែលត្រូវភ្លើងឆេះទំហំ១៨ម៉ែត្រ គុណ២២ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ ខាន់ ភារុណ និងប្រពន្ធឈ្មោះ សន សុភាព។
ក្នុងនោះ ប្រើប្រាស់កម្លាំងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះ កម្លាំងប្រចាំបញ្ហា, កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រៃវែង អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ស្រុកពារាំង, ស្រុកពោធិ៍រៀង, ស្រុកស៊ីធរកណ្ដាល, ស្រុកកញ្ជ្រៀច, ស្រុក កំចាយមារ, ស្រុកពាមរក៍, ស្រុកបាភ្នំ និងមានការចូលរួមសហការដោយកម្លាំង ជំនាញបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ, អធិការដ្ឋាននគរបាលក្រុងសួង និងស្រុកអូរាំងឪ។
ប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹកចំនួន១៥គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន៥២ឡាន និងកម្លាំងសរុបប្រមាណ២០០នាក់ រួមសហការបាញ់ទឹកពន្លត់ភ្លើង។
របាយការណ៍ដដែលបានអះអាងថា ប្រតិបត្តិការជួយសង្គ្រោះនេះប្រើពេលប្រមាណ៥ម៉ោង ទើបគ្រប់គ្រងបានទាំងស្រុង ។
ប៉ុន្ដែក៏បានបណ្ដាលឲ្យមន្ដ្រីនគរបាល ចំនួន៤នាក់រងរបួសធ្ងន់ស្រាលផងដែរ។
ទន្ទឹមនិងនោះ ម្ចាស់ផ្ទះរងគ្រោះបានអះអាងថា គ្រោះអគ្គិភ័យខាងលើបានបំផ្លាញទ្រព្យសម្បត្តិខ្លួនអស់ទាំងស្រុង ដែលសរុបជាទឹកប្រាក់ ប្រមាណជាង១លានដុល្លារ៕