អង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបាននិយាយថា នៅថ្ងៃអាទិត្យ ទី២៤ ខែមីនានេះ ។
កងកម្លាំងអ៊ីស្រាអែល បានឡោមព័ទ្ធមន្ទីរពេទ្យចំនួនពីរបន្ថែមទៀតនៅតំបន់ហ្គាហ្សា ។
ខណៈដែលអ៊ីស្រាអែល និយាយថា ពួកគេបានចាប់ខ្លួន សកម្មជនចំនួន ៤៨០នាក់ នៅក្នុងការប៉ះទង្គិចគ្នាដែលកំពុងបន្ត នៅឯមន្ទីរពេទ្យ Al-Shifa ដ៏សំខាន់របស់ហ្គាហ្សា។
យោធាអ៊ីស្រាអែល បាននិយាយថា មន្ទីរពេទ្យនៅក្នុងបរិបទប៉ាឡេស្ទីន ត្រូវបានប្រើប្រាស់ ជាញឹកញាប់ សម្រាប់ការធ្វើជាបន្ទាយ ពួកសកម្មប្រយុទ្ធហាម៉ាស់ និងជាឃ្លាំងស្តុកទុកអាវុធសម្រាប់ពួកគេ ក្នុងកំលុងពេលផ្ទុះសង្គ្រាមជាង៥ ខែ មកនេះ។
អង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបាននិយាយថា បុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិករបស់ខ្លួនត្រូវបានសម្លាប់ ។
នៅពេលដែលរថក្រោះអ៊ីស្រាអែលបានសម្រុកចូលភ្លាមៗ ទៅក្នុងតំបន់ជុំវិញមន្ទីរពេទ្យ Al-Amal និង Al-Nasser ក្នុងទីក្រុង Khan Younis ភាគខាងត្បូង ចំពេលមានការបាញ់ផ្លោង និងកាំភ្លើងធំ។
ប្រភពដដែលបានគូសបញ្ជាក់ថា កងកម្លាំងរថពាសដែកអ៊ីស្រាអែលបានបិទមន្ទីរពេទ្យ Al-Amal ហើយអនុវត្តប្រតិបត្តិការកម្ទេចទ្រង់ទ្រាយធំនៅក្នុងតំបន់ជុំវិញ ។
ដោយបន្ថែមថា «ក្រុមរបស់យើងទាំងអស់កំពុងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅពេលបច្ចុប្បន្ន និងមិនអាចផ្លាស់ទីបានទាំងស្រុង»។
របាយការណ៍របស់អឌ្ឍចន្ទក្រហាម បានបន្ថែមថា កងកម្លាំងអ៊ីស្រាអែលឥឡូវនេះកំពុងទាមទារឱ្យមានការជម្លៀសបុគ្គលិក អ្នកជំងឺ និងជនភៀសខ្លួនទាំងស្រុង ។
ចេញពីទីស្នាក់ការកណ្តាលរបស់មន្ទីរពេទ្យ Al Amal និងកំពុងបាញ់បង្ហោះគ្រាប់បែកផ្សែងចូលទៅក្នុងតំបន់ដើម្បីបង្ខំឱ្យពួកគេចាកចេញ។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានចាប់ខ្លួនអ្នកជំងឺ និងបុគ្គលិកពេទ្យរាប់សិបនាក់នៅមន្ទីរពេទ្យ Al-Shifa ក្នុងទីក្រុងហ្គាហ្សា ។
ដែលស្ថិតនៅភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីប ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល អស់រយៈពេលមួយសប្តាហ៍មកនេះ។
គួរជម្រាបថា មន្ទីរពេទ្យ Al-Shifa គឺជាកន្លែងថែទាំសុខភាពមួយ ក្នុងចំណោមកន្លែងថែទាំសុខភាពដែលដំណើរការដោយផ្នែក នៅភាគខាងជើងហ្គាហ្សា ។
ហើយដូចជាកន្លែងផ្សេងទៀត វាក៏ជាកន្លែងស្នាក់នៅរបស់ជនស៊ីវិលជិតពីរលាននាក់ផងដែរ ។
ខណៈមនុស្សជាង ៨០% នៃចំនួនប្រជាជននៅហ្គាហ្សា ត្រូវបានផ្លាស់ទីលំនៅដោយសង្រ្គាម៕