នាយករដ្ឋមន្រ្តីថៃ ផ្ញើសារជូនចំពោះសម្តេចតេជោ ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភា នីតិកាលទី៥!

(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin បានផ្ញើសារលិខិតអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាស ដែលសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

-សារលិខិត នាយករដ្ឋមន្ត្រីថៃ បានលើកឡើងថា៖«សម្តេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត៖
ខ្ញុំមានកិត្តិយសសូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះសម្តេចតេជោ ដែលត្រូវបាន ជ្រើសរើសជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ការជាប់ឆ្នោតរបស់សម្តេចពី សំណាក់អង្គព្រឹទ្ធសភាកម្ពុជា ឆ្លុះបញ្ចាំងពីទំនុកចិត្តលើការដឹកនាំ និងគតិបណ្ឌិតរបស់សម្តេចក្នុង ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រទេសជាតិ។

ខ្ញុំសូមបញ្ជាក់សាជាថ្មីអំពីការត្រៀមខ្លួនរបស់ប្រទេសថៃ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ សម្តេចក្នុងតំណែងថ្មីរបស់សម្តេច។ ក្រោមការដឹកនាំរបស់សម្តេច ក្នុងនាមជាប្រធានព្រឹទ្ធសភា ខ្ញុំ មានទំនុកចិត្តយ៉ាងខ្លាំងថា ចំណងទ្វេភាគីរវាងប្រទេសថៃនិងកម្ពុជា នឹងបន្តមានភាពលូតលាស់ និងរីកចម្រើន។

ក្នុងនាមប្រជាជននៃព្រះរាជាណាចក្រថៃ ខ្ញុំសូមគោរពជូនចំពោះ សម្តេចតេជោ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា សូមជូនពរឱ្យជួបតែសេចក្តីសុខ សុភមង្គល សេចក្តីចម្រើន និងសុខភាពល្អតរៀងទៅ។
សម្តេចទទួលយកនូវការគោរពដ៏ជ្រាលជ្រៅបំផុតអំពីខ្ញុំ»៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version