(ភ្នំពេញ)៖ ទីបំផុតចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកា បង្គាប់ឱ្យស្វែងរកចាប់ខ្លួន អ្នកនាង ចោម ខ្វាន់ អតីតថៅកែហាងគ្រឿងមាសពេជ្រ«ចំរើន សុវត្ថិភាព»ពីបទរំលោភលើទំនុកចិត្ត។
ជនត្រូវចោទឈ្មោះ សឿន ចំរើន ហៅ(ចោមខ្វាន់)ភេទស្រី កើតថ្ងៃទី០៧ ខែតុលា ឆ្នាំ១៩៨៨ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ២២០១៧៣៥៣០០ អាសយដ្ឋានបច្ចុប្បន្ន៖ ស្នាក់នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
-ជននេះជាប់ចោទពីបទ រំលោភលើទំនុកចិត្ត ដែលបានប្រព្រឹត្តនៅចំណុចហាងមាសពេជ្រចំរើនសុវត្ថិភាព នៅផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។
បទល្មើសដែលចោទប្រកាន់ជាបទមជ្ឈិម ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារលើសពី០១(មួយ)ឆ្នាំ។
-ជនត្រូវចោទឈ្មោះ សឿន ចំរើន ហៅ ចោម ខ្វាន់ មិនដឹងជាស្ថិតនៅទីកន្លែងណា។
គួរម្លឹកថាៈ កាលពីកន្លងទៅ អតិថិជនជាច្រើននាក់ បាននាំគ្នាផ្ទុះការតវ៉ា ។
ដោយអះអាងថា អ្នកនាង ចោម ខ្វាន់ ថៅកែហាងគ្រឿងមាសពេជ្រ«ចំរើន សុវត្ថិភាព»រកសុីបោកប្រាស់រំលោភទំនុកចិត្ត ប្រមូលយកលុយពីជនរងគ្រោះរាប់ម៉ឺនដុល្លារ។
ក្រោមរូបភាពអូសទាញឲ្យចូលធ្វើជាតំណាងចែកចាយ វេលុយឲ្យមុន ទើបប្រគល់របស់ឲ្យជាក្រោយ តែធាតុពិតប្រគល់ឲ្យ«ខ្យល់»។
មិនតែប៉ុណ្ណោះផលិតផលដែលពួកគាត់កាត់ស្តុកពីនាង ចោម ខ្វាន់ តម្លៃរាប់ពាន់ រាប់ម៉ឺនដុល្លារ គឺជារបស់ខូចគុណភាពទាំងអស់ ក្នុងនោះសូម្បីតែ កាហ្វេគ្មានថ្ងៃកាលបរិច្ឆាទត្រឹមត្រូវទៀតផង៕