(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានធ្វើការបដិសេធយ៉ាងដាច់អហង្ការ ទៅលើការចុះផ្សាយ របស់សារព័ត៌មាននិរទេសរត់ចោលស្រុក “The Cambodia Daily” ។
ដែលបានលើកឡើងយ៉ាងងងឹត ងងល់ និងជាការមួលបង្កាច់យ៉ាងព្រៃផ្សៃថា លោក គុណ ញឹម បានសូកប៉ាន់ដើម្បីពន្យារអាយុចូលនិវត្តន៍ ដល់ឆ្នាំ ២០២៨។
ការលើកឡើងមួលបង្កាច់យ៉ាងងងើល និងអគតិបែបនេះ គឺសំដៅធ្វើឱ្យប៉ះពាល់ដល់ កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំតែម្តង។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមបញ្ជាក់ថា លោក គុណ ញឹម បានទទួលការអនុញ្ញាតឱ្យបន្ត ដឹកនាំរដ្ឋបាលគយនិងរដ្ឋាករដល់ឆ្នាំ២០២៨ តាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ។
គឺតាំងតែពីរាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភាម៉្លេះដែលមានឯកសារដូចភ្ជាប់មកជាមួយនេះ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិនជឿថា មានមន្ត្រីតយធ្វើលិខិតផ្តល់ព័ត៌មានមូលបង្កាច់ ទៅកាសែតនេះទេ។
តែបើសិនជាមានមន្ត្រីគយធ្វើបែបនេះ ដូចកាសែតគ្មានអាជីពនេះបានលើកឡើងនោះ, មន្ត្រីនោះពិតជាឆោតល្ងង់ដូចកាសែតនេះដែរ ព្រោះ ទី១ ធ្វើឱ្យអ្នកដឹកនាំស្គាល់ចរិតមូលបង្កាច់របស់ខ្លួន និងទី២ បានទម្លាក់តម្លៃខ្លួនទៅជាឧបករណ៍ដាច់ថ្លៃរបស់កាសែតថោកទាបគ្មានអាជីពមួយនេះ។
នេះមិនមែនជាលើកទី១ទេ ដែលកាសែតឌីខេមបូឌាដេលី និងបុគ្គលស៊ីឈ្នួលឱ្យបរទេសបម្រើ កាសែតនេះបានវាយប្រហារដោយមួលបង្កាច់មកលើមន្ត្រីរាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋនានា។ ការមូល បង្កាច់ដោយងងើលដដែលៗ ក៏បង្ហាញឱ្យកាន់តែច្បាស់ ពីចរិត និងធាតុពិតនៃកាសែតនេះ៕