(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០វិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋាន ទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា២០២៣)។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែតបានមានប្រសាសន៍ វាយតម្លៃខ្ពស់ចំពោះ បញ្ជាការដ្ឋានទ័ពពិសេស ដែលក្នុងរយៈពេល២៨ ឆ្នាំកន្លងមកនេះ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារជាតិ និងបូរណភាពទឹកដីកម្ពុជា ក្នុងនោះរួមទាំងការចូលរួមចំណែកបោសសម្អាតមីនចេញពីផ្ទៃដីកម្ពុជាផងដែរ។
សម្តេចធិបតី បញ្ជាក់ថា សន្ដិភាព និងការបង្រួបបង្រួមជាតិ គឺជាការរកបានដោយលំបាកបំផុត ដែលសមិទ្ធផលទាំងនេះ ក៏បានកើតចេញពីការលះបង់នូវសាច់ស្រស់ឈាមស្រស់ របស់យោធិនជំនាន់មុនរបស់កម្ពុជា។ សម្ដេចនាយករដ្ឋមន្រ្ដី ឧទ្ទិសនូវសមិទ្ធផលដែលកម្ពុជា កំពុងទទួលបាននាពេលនេះ ដល់យោធិនដែលបានពលីទាំងអស់ ក្នុងការការពារជាតិ និងបូរណភាពទឹកដីកម្ពុជា។
សម្តេចធិបតី ការប្រយុទ្ធគ្នាដោយទ្រង់ទ្រាយធំនៅកម្ពុជា នឹងមិនអាចមានបន្តទៀតនោះឡើយ ប៉ុន្តែក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ ចំពោះការគំរាមកំហែង ចំពោះសន្តិសុខជាតិ ដោយមិនអាចធ្វេសប្រហែស បាននោះឡើយ។
សម្តេចធិបតី រាជរដ្ឋាភិបាលនីកាលទី៧ នឹងផ្តោតសំខាន់លើការធ្វើទំនើបកម្មទ័ពពិសេស រួមទាំងកងទ័ពជើងទឹកផងដែរ ដោយអនុវត្តតាមគោលនយោបាយការពារជាតិរបស់កម្ពុជា។
សម្តេចធិបតីនាយករដ្ឋមន្រ្តី ការបញ្ជូនកងទ័ពមួកខៀវទៅកាន់ប្រទេសនានា នៅលើពិភពលោក គឺជាសកម្មភាពមនុស្សធម៌សុទ្ធសាធ និងដើម្បីបញ្ជាក់ថា កម្ពុជាស្រឡាញ់នូវសុខសន្តិភាពផងដែរ។
សម្តេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តសកម្មភាព សហការជាមួយអង្គការសហប្រជាជាតិ បញ្ជូនកងទ័ពកម្ពុជា ដើម្បីចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព។
សម្តេចធិបតី បានក្រើនរំលឹកដល់កងទ័ពទាំងអស់មិនត្រូវធ្វើការធ្វេសប្រហែសនោះឡើយ ចំពោះអំពើភេរវកម្ម បើទោះបីជាបច្ចុប្បន្នកម្ពុជាមិនដែលរងគ្រោះដោយសារការ គំរាមកំហែង ពី ភេរវករ ក៏ដោយ។
សម្តេចធិបតី ការធ្វើទំនើបកម្មទ័ពពិសេស គឺផ្ដោតលើការធ្វើទំនើបកម្មចំនួន ៣ យ៉ាង ក្នុងនោះ មានការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ការធ្វើទំនើបកម្មហ្វឹកហ្វឺន និងការធ្វើទំនើបកម្មសម្ភារៈ ឬគ្រឿងបំពាក់សម្រាប់យោធា។
សម្តេចធិបតី បញ្ជាឱ្យកងទ័ពកម្ពុជា ត្រូវយកចិត្តទុកដាក់បន្ថែមលើការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារជាតិ និងប្រយុទ្ធប្រឆាំងនឹងក្រុមភារវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានណែនាំដល់រដ្ឋមន្រ្តីក្រសួងការពារជាតិ និងអគ្គបញ្ជាការ គប្បីពិនិត្យឲ្យបានច្បាស់លាស់ចំពោះការទុកដាក់នូវសម្ភារៈយោធា និងរចនាសម្ព័ន្ធផ្នែកយោធាឲ្យបានត្រឹមត្រូវ មិនត្រូវធ្វើការឆក់កណ្តៀតបន្តទៀតនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យបង្កើតស្ថាប័នមួយសម្រាប់យោធា ក្នុងការស្រាវជ្រាវយុទ្ធសាស្រ្ដយោធានានា ហើយការធ្វើការស្រាវជ្រាវយុទ្ធសាស្រ្តនេះ ត្រូវធ្វើយ៉ាងណាឱ្យសមស្របទៅនឹងកងទ័ពរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យធ្វើការពង្រឹងដល់សាលានាយទាហាន តាមគោលនយោបាយ ឯករាជ្យ និងប្រទាក់ក្រឡា ដើម្បីដំឡើងកម្រិត និងការបណ្ដុះបណ្ដាលនាយទាហាន។ ចំណែកសាកលវិទ្យាល័យការពារជាតិ គួរផ្តោតលើការពង្រឹងយុទ្ធសាស្រ្តស្រាវជ្រាវ និងកិច្ចការងារការពារជាតិ៕