Breaking៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់ជនជាតិប៉ាឡេស្ទីន៤៨នាក់!

នៅថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2025 យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ៤៨នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានបន្តវាយប្រហារយ៉ាងសាហាវលើតំបន់ហ្គាហ្សា។
ប្រភពពីសារព័ត៌មានAnadolu។

ការវាយប្រហារបានកើតឡើងទូទាំងកណ្តាល និងភាគខាងជើងរបស់ហ្គាហ្សា សំដៅទៅលើផ្ទះសម្បែង ជំរុំជនភៀសខ្លួន និងកន្លែងប្រមូលផ្តុំជនស៊ីវិល។

នៅក្នុងជំរុំជនភៀសខ្លួន Nuseirat កណ្តាលហ្គាហ្សា យន្តហោះអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើផ្ទះមួយ បណ្តាលឲ្យមានអ្នកស្លាប់ ៩ នាក់ និងជាច្រើននាក់ទៀតរងរបួស។ មន្ទីរពេទ្យ Al-Aqsa Martyrs បានទទួលសាកសពបីនាក់ និងជនរងរបួសជាច្រើន។ នៅទីក្រុង al-Zawaida កណ្តាលហ្គាហ្សា ផ្ទះមួយទៀតត្រូវបានវាយប្រហារដោយអាកាស បណ្តាលឲ្យមានអ្នកស្លាប់បន្ថែម។

ករណីស្លាប់រួមមានកុមារ២នាក់ នៅពេលដែលអ៊ីស្រាអែលបានវាយប្រហារលើក្រុមប្រជាជនដែលកំពុងប្រមូលផ្តុំក្នុងជំរុំ Nuseirat។ ខណៈជិតច្រករបៀង Netzarim ប្រជាជនបីនាក់ដែលកំពុងរង់ចាំជំនួយ ត្រូវបានបាញ់សម្លាប់ជិតមជ្ឈមណ្ឌលចែកចាយអាមេរិក–អ៊ីស្រាអែល។

នៅជំរុំ Shati ភាគខាងលិចទីក្រុង Gaza មានអ្នកស្លាប់ ៦ នាក់។ ផ្លូវ al-Hajar ភាគខាងកើតទីក្រុង Gaza ក៏ក្លាយជាទីកន្លែងនៃការបាត់បង់ជីវិតយ៉ាងហោចណាស់ ១១ នាក់ ដោយសាកសពជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក។ ក្នុងសង្កាត់ al-Rimal និង Shejaya ក៏មានអ្នកស្លាប់បន្ថែមដោយការវាយប្រហារតាមអាកាស និងយន្តហោះគ្មានមនុស្សបើក។

នៅភាគខាងត្បូងទីក្រុង Khan Younis និង Rafah ផ្ទះសម្បែង និងកន្លែងចែកចាយជំនួយក៏ត្រូវបានវាយប្រហារ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន។

តាមរបាយការណ៍របស់ស្ថាប័នសុខាភិបាល បើគិតចាប់តាំងពីខែតុលា ឆ្នាំ 2023 មក កងទ័ពអ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង 65,600 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។ ការវាយប្រហារតាមអាកាស និងដីយ៉ាងបន្តបន្ទាប់ បានធ្វើឲ្យហ្គាហ្សាក្លាយជាតំបន់ស្ទើរតែមិនអាចរស់នៅបាន ហើយប្រជាជនកំពុងប្រឈមមុខនឹងការអត់ឃ្លានធ្ងន់ធ្ងរ៕

Leave a Reply

Your email address will not be published. Required fields are marked *