សាធារណរដ្ឋឆេក កាលពីថ្ងៃសុក្របានចោទប្រកាន់រុស្ស៊ីថា បានធ្វើការវាយលុក តាមអ៊ីនធឺណិត”រាប់សិបដង”។
ក្រសួងការបរទេសឆេក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយបន្ទោសក្រុម APT28 ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា Fancy Bear ថា “ស្ថាប័នឆែក មួយចំនួន បាន ក្លាយជាគោលដៅ វាយលុកតាមអ៊ីនធឺណិត ដែលទាញយកភាពងាយរងគ្រោះ ដែលមិនស្គាល់ពីមុននៅក្នុង Microsoft Outlook ចាប់ពីឆ្នាំ 2023” ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឆេក លោក Vit Rakusan បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសលោកនាពេលថ្មីៗនេះ បានជួបប្រទះការវាយលុក បែបនេះ “រាប់សិបដង” ។
លោក Rakusan បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន មួយជាមួយសមភាគីអាល្លឺម៉ង់ របស់គាត់ថា “ការវាយប្រហារត្រូវបានរៀបចំឡើងដោយសហព័ន្ធរុស្ស៊ី និងសេវាកម្មចារកម្មយោធា GRU” ។
សាធារណរដ្ឋឆេក ដែលជាសមាជិកនៃសហភាពអឺរ៉ុប និងណាតូ បានរក្សាជំហរប្រឆាំងរុស្ស៊ីយ៉ាងខ្លាំងក្លា ក្នុងប្រតិកម្មតបទៅនឹងសង្រ្គាមនៅអ៊ុយក្រែន។
ដូចប្រទេសលោកខាងលិចជាច្រើនទៀត សាធារណរដ្ឋឆេកបានផ្តល់ជំនួយផ្នែកយោធា និងមនុស្សធម៌ដល់អ៊ុយក្រែន ចាប់តាំងពីសង្គ្រាមចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២២។
កាលពីដើមសប្តាហ៍នេះ ប៉ូលីសឆេកបានស្តីបន្ទោស GRU ថាជាអ្នកនៅពីក្រោយការបំផ្ទុះពីរនៅឃ្លាំងអាវុធឆេកភាគខាងកើតក្នុងឆ្នាំ 2014 ដែលបានសម្លាប់កម្មករក្នុងស្រុកពីរនាក់។
សាធារណរដ្ឋឆេកបានអះអាងថា រុស្ស៊ីបានបដិសេធមិនសហការលើការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ៕