(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំធ្វើតេស្ត រកសារធាតុញៀនក្នុងក្របខណ្ឌនៃមន្ត្រីរាជការក្រសួងព័ត៌មាន។
ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា មន្ត្រីជាប់កិច្ចសន្យាសរុបចំនួន១៨៤០នាក់ នឹងត្រូវធ្វើតេស្តរកសារធាតុញៀន នៅថ្ងៃទី០៧+០៨.០៥.២០២៤។
ដែលនេះជាយុទ្ធនាការដើម្បីសម្រេចឱ្យបាននូវការប្តេជ្ញាចិត្ត កម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗជាគ្រួសារស្អាតស្អំគ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន។
ក្នុងឱកាសនោះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កិច្ចការងារធ្វើតេស្តរកសារធាតុញៀនក្នុងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន គឺធ្វើឡើងស្របទៅនឹងការអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា លេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ដើម្បីជាគំរូដល់មន្ត្រីរាជការដទៃទៀត ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរនោះ បានធ្វើតេស្តស្វែងរកសារធាតុញៀន និងបន្តដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីអគ្គនាយកដ្ឋានជំនាញ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ទទួលបានលទ្ធផលល្អទាំងអស់គ្នា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានគោរពថ្លែងអំណរគុណឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានអនុញ្ញាតផ្តល់មន្ត្រីបច្ចេកទេសជួយធ្វើតេស្តរកសាធារតុញៀន និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រី ទីប្រឹក្សា ជំនួយការទាំងអស់ដែលបានចូលរួមសហការយ៉ាងសកម្មក្នុងការបំពេញកាតព្វកិច្ចដ៏មានសារៈសំខាន់នេះ៕