ការចរចារវាងប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបរាជ័យក្នុងការរកដំណោះស្រាយសន្តិភាពលើសង្គ្រាមអ៊ុយក្រែន។
ដែលនាំឲ្យរដ្ឋបាល Trump ចេញវិធានដាក់ទណ្ឌកម្មថ្មី លើក្រុមហ៊ុនប្រេងធំៗរបស់រុស្ស៊ី។
ការបង្កើតសម្ពាធនេះ កំពុងបង្កឲ្យមានផលប៉ះពាល់លើទីផ្សារពាណិជ្ជកម្មអន្តរជាតិ ដោយឥណ្ឌា បានប្រកាសថានឹងគោរពតាមទណ្ឌកម្ម របស់លោកខាងលិច។
ប្រភពពីសារព័ត៌មានAl Jazeera កាលពីថ្ងៃទី 24 តុលា 2025។
ក្រុមហ៊ុន Reliance Industries Ltd អ្នកទិញប្រេងរុស្ស៊ី ធំបំផុតរបស់ឥណ្ឌា បាននិយាយកាលពីថ្ងៃសុក្រថាក្រុមហ៊ុននឹង សម្របប្រតិបត្តិការរោងចក្រចម្រាញ់ប្រេងរបស់ខ្លួន ដើម្បីអនុវត្តតាមទណ្ឌកម្មអាមេរិក និងអឺរ៉ុបថ្មីៗ។
អ្នកនាំពាក្យក្រុមហ៊ុន បានចេញសេចក្តីថ្លែងការណ៍ថាReliance នឹងបំពេញតាមតម្រូវការអនុលោមភាព ទាំងអស់ ដោយបន្តរក្សាទំនាក់ទំនងជាផ្លូវការជាមួយ អ្នកផ្គត់ផ្គង់។
ប្រសិនបើមានការណែនាំបន្ថែមពីរដ្ឋាភិបាល ឥណ្ឌា យើងនឹងអនុវត្តតាមយ៉ាងពេញលេញ។
ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពី ការិយាល័យគ្រប់គ្រង ទ្រព្យសម្បត្តិបរទេស (OFAC) របស់សហរដ្ឋអាមេរិក បានដាក់ក្រុមហ៊ុនប្រេងយក្សរបស់រុស្ស៊ី Rosneft និង Lukoil ចូលក្នុងបញ្ជីទណ្ឌកម្មជាលើកដំបូង។វាជាសញ្ញាថា រដ្ឋបាល Trump កំពុងបាត់បង់ការអត់ធ្មត់ចំពោះការមិនបញ្ចប់សង្គ្រាមរបស់លោក Putin៕