ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ជិៈម៉ូតូជ្រុលទៅបុករថយន្តពេញទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗនៅលើផ្លូវលេខ៤៤!

(កំពង់ស្ពឺ)៖ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង ខណៈដែលជិៈម៉ូតូម្នាក់ឯង ជ្រុលទៅបុកជាមួយរថយន្ត ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ចំពីមុខយ៉ាងពេញទំហឹង។

ហេតុការណ៍ម៉ូតូបុកជាមួយរថយន្តបណ្តាលឱ្យក្មេងស្រីអាយុ១៥ឆ្នាំស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង ០១និង៥៥នាទី រសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខលេខ៤៤ ចន្លោះបង្គោល គីឡូម៉ែត្រលេខ៨១-ទៅលេខ៨២ ត្រង់ចំណុចភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកថ្ពង បានឱ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូ ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៧ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1J-1055 អ្នកបើកបរឈ្មោះ រិត ស្រីអូន ភេទស្រី អាយុ១៥ឆ្នាំ មិនពាក់មួកសុវត្ថិភាពបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រស់នៅភូមិកើតហេតុខាងលើ បានបើកបរម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៤៤ក្នុងទិសដៅ ពីទិសកើតទៅទិសខាង លិច។
លុះទៅដល់ចំណុចកើតហេតុខាងលើ បានឆ្លងចំណែកទ្រូងផ្លូវ ក៏ជ្រុលទៅបុកពីមុខរថយន្ត ១គ្រឿងម៉ាកសាំងយ៉ុង( SSANG YONG ISTANA) ពណ៌ស ពាក់ផ្លាកលេខបាត់ដំបង 2C-1097 អ្នកបើកបរឈ្មោះ ម៉ុន ម៉ៅ ភេទប្រុសអាយុ ៥២ឆ្នាំ រស់នៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូ ឈ្មោះ រិត ស្រីអូន ស្លាប់នៅកន្លែងកើតហេតុតែម្តង។

នគរបាលស្រុកថ្ពងបន្តថា ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំពោះវត្ថុតាង០២គ្រឿង ម៉ូតូនិងរថយន្ត ខាងលើ នគរបាលបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្ពង រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។

ចំណែកអ្នកបើករថយន្ត ឈ្មោះ ម៉ុន ម៉ៅ ត្រូវនគរបាលជំនាញបានយកមកសួរនាំនៅ អធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *