(ភ្នំពេញ)៖ ពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នៅរាជធានីភ្នំពេញ ល្ងាចថ្ងៃព្រហស្បតិ៍ ទី៩ ឧសភា ២០២៤។
គឺបានសរបញ្ជាក់យ៉ាងច្បាស់ពីសេចក្ដីទុកចិត្តយ៉ាងមុតមាំពីវិស័យឯកជន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងជាការបង្ហាញនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លាក្នុងការរួមចំណែកជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ការបង្កើតឱ្យមានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា គឺមានគោលបំណងក្នុងការប្រមូលផ្ដុំនូវសមាសភាពសមាគមនីមួយៗរួមគ្នាជាថ្នាលធំមួយ ។
ដើម្បីពង្រឹង និងពង្រីកសកម្មភាពទាក់ទាញវិនិយោគិនបរទេសមកពីគ្រប់ប្រទេសដើម្បីចូលមកបណ្ដាក់ទុនក្នុងប្រទេសកម្ពុជាជាអតិបរមា និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។
សមាជិកនៃសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានខិតខំបំពេញសកម្មភាពរៀងៗខ្លួន និងសម្រេចបានការកៀរគរវិនិយោគិនបរទេសចូលមកបណ្ដាក់ទុនក្នុងប្រទេសកម្ពុជា គិតជាទឹកប្រាក់សរុបរាប់ពាន់លានដុល្លារ ដែលនេះជាសកម្មភាពវិជ្ជមានមួយជួយដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា ព្រោះថាកំណើននៃការវិនិយោគ និងការធ្វើពាណិជ្ជកម្ម នឹងជួយបង្កើតឱកាសការងារយ៉ាងសន្ធឹកសន្ធាប់ជូនដល់ប្រជាជន ព្រមទាំងជំរុញការនាំចូលមកនូវជំនាញ និងបច្ចេកវិទ្យាថ្មីៗបន្ថែម ដែលកត្តាទាំងនេះសុទ្ធសឹងតែស្ថិតនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា មានបាវចនា ចំនួន៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានអាទិភាពគន្លឹះ ចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕