យន្តហោះ​យោធាចិន ចំនួន៤៥​គ្រឿង បានហោះ ជុំវិញ​កោះ​តៃវ៉ាន់!

ទីក្រុងតៃប៉ិ បាននិយាយនៅថ្ងៃពុធ(15 ឧសភា)ថា៖ ខ្លួនបានឃើញយន្តហោះយោធាចិនចំនួន 45 គ្រឿងនៅជុំវិញកោះតៃវ៉ាន់ ដែលជាចំនួនយន្តហោះច្រើនបំផុត ក្នុងឆ្នាំនេះ។
ខណៈរយៈពេលជាងមួយសប្តាហ៍ទៀតប៉ុណ្ណោះ កោះតៃវ៉ាន់ នឹងទទួលបានប្រធានាធិបតីថ្មី។

នេះគឺជាចំនួនយន្ដហោះ យោធាចិនច្រើនបំផុត ដែលត្រូវបានប្រទះឃើញនៅក្បែរកោះតៃវ៉ាន់ ក្នុងរយៈពេល២៤ម៉ោង នៅក្នុងឆ្នាំ២០២៤នេះ ។
ហើយបើតាម ក្រសួងការពារជាតិតៃវ៉ាន់ នាវាចម្បាំងចិន ៦គ្រឿង ក៏បានធ្វើប្រតិបត្តិការជុំវិញដែនកោះរបស់ខ្លួនផងដែរគិតត្រឹមម៉ោង ៦៖០០នាទីព្រឹកថ្ងៃពុធនេះ។

ក្រសួងបន្ថែមថា ក្នុងចំណោមយន្ដហោះយោធាទាំង៤៥គ្រឿងខាងលើ មាន ២៦គ្រឿង បានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលច្រកសមុទ្រតៃវ៉ាន់ ស្របពេលកងកម្លាំងតៃវ៉ាន់ ។
បានប្រុងជើងការជានិច្ចដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍បន្ទាន់ណាមួយ។

កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានអះអាងដែរថាយន្ដហោះយោធាចិន ២៣គ្រឿង ក្នុងនោះរួមមានទាំងយន្ដហោះចម្បាំង និងដ្រូន ត្រូវបាន ប្រទះឃើញនៅជុំវិញកោះតៃវ៉ាន់រយៈពេល ២ម៉ោង។

គួរបញ្ជាក់ថា នៅថ្ងៃទី២០ ខែឧសភា លោក Lai Ching-te នឹងត្រូវស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ ជំនួសលោកស្រី Tsai Ing-wen បន្ទាប់ពីទទួល បានជ័យជម្នះក្នុងការបោះឆ្នោតសកលកាលពីខែមករាកន្លងទៅ។
ដូចគ្នាទៅនឹងលោកស្រី Tsai លោក Lai បានច្រានចោលការអះអាងពីអធិបតេយ្យរបស់ចិនលើ តៃវ៉ាន់ ហើយទីក្រុងប៉េកាំងវិញបានចាត់ទុករូបលោកគឺជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់» ដែលរារាំងដល់ការបង្រួបបង្រួមជាតិរវាងចិន និងតៃវ៉ាន់៕

Leave a Reply

Your email address will not be published. Required fields are marked *