(ស្ទឹងត្រែង)៖ នារីជាមន្ត្រីនគរបាលស័ក្តិ២ម្នាក់ បម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
បានធ្វើអត្តឃាត ដោយលោតទឹកពីលើស្ពានសេកុង លិចបាត់ក្នុងទន្លេ បង្កការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី១៥ ឧសភា ២០២៤ ស្ថិតនៅស្ពានមិត្តភាពកម្ពុជា-ចិនឬស្ពានសេកុងក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ។
ហើយនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចរកសាកសពឃើញ ។
យោងតាមប្រភពព័ត៌មាន មុនពេលកើតហេតុបានឱ្យដឹងថា នារីជានគរបាលរូបនោះ បានជិៈ រថយន្តម៉ាកកាមរី ពណ៌ទឹកប្រាក់ ។
ខណៈបើកបរដល់ចំណុចកណ្ដាលស្ពានក៏បានចុះពីលើរថយន្តហើយលោតពីលើស្ពានទម្លាក់ខ្លួន ទៅក្នុងទឹកអត់មាននិយាយអ្វីមួយម៉ាត់សោះ។
ភ្លាមៗនោះ ក៏មានការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកធ្វើដំណើរព្រមទាំងអ្នកនេសាទនៅលើផ្ទៃទឹក ។
អ្នកនេសាទ ក៏បានបើកទូកទៅចំណុចកើតហេតុចុះមុជរាវរក និងអ្នកខ្លះបង់សំណាញ់ តែរហូតមកទល់ល្ងាចថ្ងៃដដែលនៅពុំទាន់ប្រទះឃើញរូបនាងទេដែលគេសន្និដ្ឋានថា អាចស្លាប់ទៅតាមបំណងរបស់នាងទៅហើយ ។
ទាក់ទិនករណីខាងលើនេះគេនៅពុំទាន់ដឹងច្បាស់ថា តើនារីដែលជានគរបាលចរាចរណ៍ ស្រស់ស្អាតរូបនេះមានរឿងអ្វីនោះទេ ។
ប៉ុន្តែអ្នកខ្លះបានបង្ហើបថា ទំនងជាមានវិបត្តិក្នុងគ្រួសារ របស់នាងដែលធ្វើឲ្យឈឺចាប់ខ្លាំង រហូតសម្រេចធ្វើការបញ្ចប់ជីវិតបែបនេះ ។
នារីនគរបាលរូបនេះឈ្មោះ អាយ សុធារ៉ា មានអាយុជាង៣០ឆ្នាំ មានឋានៈជាអនុសេនីយ៍ទោ នាយរងផ្នែកស្ថិតិប្រជាជនក្រុងស្ទឹងត្រែង ត្រូវបានផ្នែកចរាចរណ៍ស្នើមកជួយ។
នាងមានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
នាងត្រូវបានប្រជាពលរដ្ឋគោរពស្រឡាញ់ដោយសារតែទង្វើល្អៗជាច្រើនជាមួយប្រជាពលរដ្ឋក្នុងពេលបំពេញភារកិច្ចនិងការងារក្នុងស្ថាប័នរបស់ខ្លួន ។
អ្នកខេត្តស្ទឹងត្រែងបានប្រាប់ឱ្យដឹងថា អាចជនរងគ្រោះទៅលោតទឹកក្នុងចន្លោះម៉ោងជាង១០ព្រឹក ដល់ម៉ោង១២ថ្ងៃទើបភ្ញាក់ផ្អើល បន្ទាប់ពីបន្សល់នូវស្បែកជើង ហើយដល់ម៉ោង២រសៀល ទាំងប្រជាពលរដ្ឋ សមត្ថកិច្ច អាជ្ញាធរ បានស្វែងរកបាត់ខ្លួន ប៉ុន្តែមិនទាន់ឃើញនៅឡើយ ដល់ល្ងាចម្សិលមុិញ។
ទើបព្រឹកនេះត្រូវបានរកឃើញសាកសព ប៉ុន្តែសមត្ថកិច្ចមិនទាន់លម្អិត ឬបញ្ជាក់ជារបាយការណ៍ជុំវិញមូលហេតុនៃការលោតទឹកសម្លាប់ខ្លួននេះនៅឡើយ ។ ដោយឡែកសាច់ញាតិបញ្ជាក់ថា គាត់មានកូនប្រុសម្នាក់អាយុ២ខែផងដែរ៕