គ្រួសារក្រីក្រចំនួន២ នៅស្រុកស៊ីធរកណ្តាល ទទួលបានផ្ទះនិងបង្គន់អនាម័យ ពីកាកបាទក្រហមខេត្តព្រៃវែង!

(ព្រៃវែង)៖ លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តព្រៃវែង បានដឹកនាំគណៈកម្មាធិការ សាខា ក្រុមប្រតិបត្តិសាខា និងក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស៊ីធរកណ្តាល អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យ ចំនួន ២ ក្នុងផែនការឆ្នាំ២០២៤ ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសារក្រីក្រ ចំនួន ២គ្រួសារ នៅឃុំព្រៃទឹង និងឃុំពោធិ៍ទី ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

នាឱកាសនោះ លោកប្រធានគណៈកម្មាធិការសាខាខេត្ត បានលើកឡើងថា កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ:។ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

លោកសូមផ្តាំផ្ញើបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការថែរក្សាសុខភាព ។
គឺត្រូវ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់ការប្រើប្រាស់ថង់ប្លាស្ទិក។

លោកបន្តថា ចំពោះសម្ភារៈ ផ្ទះចំនួន ២ខ្នង ដែលបានប្រគល់ជូននេះ គឺជាថវិកាមូលនិធិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានទទួលមកពីសប្បុរជនគ្រប់មជ្ឈដ្ឋាន ក្នុងការចូលរួមចំណែកការងារមនុស្សធម៌ ។
ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូន ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។

ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ សម្ភារៈផ្តល់ជូនបន្ថែម ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គ.ក វិទ្យុ ១គ្រឿង កន្ទេល ១ឃីត ១កញ្ចប់(មុង ភួយ សារុង ក្រមា) មី ១កេស ត្រី ខ ១យួរ បោយទឹក ១ ច្រាស់ដុសបង្គន់ ១ សាប៊ូ ១កញ្ចប់តូច និងថវិកាក្នុង ១គ្រួសារ ចំនួន ១០០,០០០រៀល។

-អនុសាខាស្រុកស៊ីធរកណ្តាល បានឧបត្ថម្ភថវិកាបន្ថែម ក្នុង ១គ្រួសារ ចំនួន ១០០,០០០រៀល និងបានសម្របសម្រួលតភ្ជាប់អគ្គីសនី ដល់ផ្ទះគ្រួសារទាំង២ផងដែរ។

បញ្ជាក់៖ គិតត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ សាខាខេត្ត បានប្រគល់ផ្ទះសរុបចំនួន ២២០ខ្នងផ្ទះ និងបង្គន់អនាម័យសរុបចំនួន ១៨៩បង្គន់៕

Leave a Reply

Your email address will not be published. Required fields are marked *