(ព្រៃវែង)៖ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច ខេត្តព្រៃវែង បានប្រារព្ធពិធីសម្ពោធ និងដាក់ឲ្យប្រើប្រាស់ អគារអធិការដ្ឋានថ្មី ក៏ដូចជាសមិទ្ធផលនានាក្នុងអធិការដ្ឋាន ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរង តំណាងឲ្យលោឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងលោក ងួន សំអុល អភិបាលរងតំណាងឲ្យលោក ភុន សម្ផស្ស អភិបាលនៃគណៈអភិបាលស្រុកព្រះស្តេច។
ថ្លែងក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី ពៅ ជីវី បានថ្លែងកោតសរសើរដល់ អធិការស្រុកព្រះស្តេច ។
ក្នុងការបង្ក្រាបបទល្មើស ទទួលបានជោគជ័យយ៉ាងច្រើន ទាំងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនគណៈប្រតិភូ ក៏ដូចជាថ្នាក់ដឹកនាំ របស់រាជរដ្ឋាភិបាល និងកិច្ចការពារបុណ្យជាតិនានា។
លោកឧត្តមសេនីយ៍ត្រី បានគូសបញ្ជាក់ថា ភាពជោគជ័យទាំងនេះ គឺបានមកពីកិច្ចសហការគ្នា បានយ៉ាងល្អរវាងអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ច ទាំងនគរបាល និងប្រជាការពារ ក្នុងការបង្ក្រាបបទល្មើស។
ជាមួយគ្នានោះលោក ងួន សំអុល ក៏បានលើកឡើងថា គណៈបញ្ជាការឯកភាពស្រុកព្រះស្តេច ក្នុងរយៈពេលកន្លងមកនេះ បានរក្សាសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបានល្អ ហើយដើម្បីធ្វើយ៉ាងណាឲ្យភូមិសង្កាត់ មានសុវត្ថិភាពថែមទៀតនោះជាទិសដៅរបស់ គណៈបញ្ជាការឯកភាព ។
គឺបន្តយុទ្ធនាការយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល។
បន្ថែមពីនេះ បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព, ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក, ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសការផ្ដល់អត្តសញ្ញាណប័ណ្ណតាមច្រកចេញចូលតែមួយ ដែលគ្រោងនឹងអនុវត្តនៅពេលដ៏ឆាប់ខាងមុខនេះ។
យោងតាមរបាយការណ៍ស្វាគមន៍របស់លោកវរសេនីយ៍ឯក ជៃ សេងហ៊ាង អធិការនៃអធិការដ្ឋាននគរបាលស្រុកព្រះស្តេចបានឲ្យដឹងថា អាគារនិងសមិទ្ធផលនានាក្នុងអធិការដ្ឋាននេះ កើតឡើងដោយកម្លាំងសាមគ្គីផ្ទៃក្នុងនៃបញ្ជាការឯកភាព ក៏ដូចជាអំណោយថ្នាក់ដឹកនាំ និងសប្បុរសជន ដែលបានចូលរួមជាថវិកានិងសម្ភារៈ ក្នុងការជួយសាងសង់ អាគារថ្មី ជួសជុលអាគារចាស់ និងសមិទ្ធផលនានាក្នុងអធិការដ្ឋាន។
សមិទ្ធផលរួមមាន ការចាក់ដីចាក់សាបបៃតុងក្នុងទីធ្លាអធិការដ្ឋាន អាគារអត្តសញ្ញាណប័ណ្ណ អាគារស្នាក់នៅរបស់កងកម្លាំង អាគារព្រហ្មទណ្ឌ ផ្ទះបាយ និងជួសជុលសាលប្រជុំធំ-ល-។
ជាចុងក្រោយនៃកម្មវិធី ក៏មានការចែកជាអំណោយអនុស្សាវរីយ៍ ដល់និវត្តន៍ជន និងប្រជាការពារ ដែលបានចូលរួម និងពិសាអាហារសាមគ្គីផងដែរ៕