សម្តេចធិបតី អញ្ជើញប្រកាសដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥!

(ភ្នំពេញ)៖ នៅព្រឹកទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា ។
បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញ​ផ្លូវ​ឆ្ពោះទៅ​ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥។

ការគ្របដណ្តប់សុខភាពជាសកល (គ.ស.ស.)ជាការប្តេជ្ញារបស់ប្រទេស​នានាក្នុង​ពិភព​លោក ។
ដែលជាសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងគោលបំណង​ផ្តល់​សេវា​ថែទាំសុខភាពដែលមានគុណភាព ប្រកបដោយសមធម៌ ដល់ពលរដ្ឋទាំងអស់ ដោយមិនមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ។

ការប្តេជ្ញាជាសកលនេះ ត្រូវបានដាក់​បញ្ចូល​ទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គោលដៅទី៣ ស្តីពីការធានា​ឱ្យ​បាននូវសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពសម្រាប់ពលរដ្ឋគ្រប់វ័យ។

ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់រំលេច គ.ស.ស.ជាធាតុ​ស្នូល​នៅក្នុងឯកសារយុទ្ធសាស្ត្រ និងគោលនយោបាយជាតិនានា ដូចជាយុទ្ធ​សាស្ត្រ​ចតុ​កោណដំណាក់កាលទី៤ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការ​យុទ្ធ​សាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣, ផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០០៨-២០១៥ និង ២០១៦-២០២០ ក្របខណ្ឌគោលនយោបាយ​ជាតិគាំពារ​សង្គម ២០១៦-២០២៥ និងក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើន​សេដ្ឋកិ​ច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ​២០២១-២០២៣។

-រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក៏បាន​កំណត់ ការពង្រីក​សេវា​ថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ជាកម្មវិធីគោល​នយោបាយអាទិភាពទី១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ ផង​ដែរ។

-ផ្អែកលើមូលដ្ឋានខាងលើ និងដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច​តេជោ ហ៊ុន សែន, ក្រុមប្រឹក្សាជាតិគាំពារសង្គមបានបង្កើតក្រុមការងារ​បច្ចេកទេស​រៀប​ចំផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ដែលសម្រប​សម្រួលដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងមានការចូលរួម​យ៉ាង​សកម្មពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញតំណាងឱ្យក្រសួងសុខាភិបាល ដើម្បីរៀប​ចំ​តាក់តែងសេចក្ដីព្រាង ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់​សុខភាពជាសកល​នៅកម្ពុជា និងបានដាក់ឆ្លងកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ព្រមទាំងបានទទួលការសម្រេច និងផ្តល់ហត្ថលេខា​ដ៏ខ្ពង់ខ្ពស់​របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

-ផែនទីបង្ហាញផ្លូវនេះ ជាឯកសារមគ្គុទេ្ទសក៍សម្រាប់កំណត់ដំណើរជាយុទ្ធសាស្ត្រ​ឆ្ពោះ​ទៅ គ.ស.ស. នៅកម្ពុជា ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៥ តាមរយៈការកំណត់ជម្រើស​គោលនយោបាយអាទិភាពសម្រាប់ពង្រឹងប្រព័ន្ធគាំពារសុខភាពសង្គម និងប្រព័ន្ធសុខា​ភិបាល ក្នុងទិដ្ឋភាពពហុវិស័យ, ពហុវិមាត្រ និងគ្រប់ជ្រុងជ្រោយ ដោយបង្ហាញទិស​ដៅកម្រិតយុទ្ធសាស្ត្រ និងទុកលទ្ធភាពឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តរៀបចំផែនការ​ប្រតិបត្តិ លម្អិត ដើម្បីអនុវត្តផែនទីបង្ហាញផ្លូវនេះ ជាជំហានៗ។

-ផែនទីបង្ហាញផ្លូវនេះ ក៏នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី១ របស់​រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយមិនត្រឹមតែផ្តោតលើការពង្រីក​វិសាល​ភាព​​នៃការគ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គមប៉ុណ្ណោះទេ តែថែម​ទាំងផ្ដោតផងដែរលើវិមាត្រ ២ទៀត ដែលរួមមានការគ្របដណ្តប់​សេវាសុខាភិបាល​សារវន្ត, និងការការពារហានិភ័យហិរញ្ញវត្ថុ និងហិរញ្ញប្បទានសុខាភិបាល ព្រមទាំង​ការ​គិតគូរអំពីកត្តាជំរុញគាំទ្រផងដែរ។

-ផ្អែកលើសមិទ្ធផលនានាដែលសម្រេចបានកន្លងមក ទាំងក្នុងវិស័យសុខាភិបាល និង​ប្រព័ន្ធគាំពារសុខភាពសង្គម ព្រមទាំងការវិភាគស៊ីជម្រៅលើបញ្ហាប្រឈមបច្ចុប្បន្ន និង​នាពេលអនាគត, ផែនទីបង្ហាញផ្លូវនេះ បានកំណត់ដំណើរជាយុទ្ធសាស្ត្រ​ឆ្ពោះទៅ​ការ​គ្រប​ដណ្តប់សុខភាពជាសកលនៅកម្ពុជា ពីឆ្នាំ២០២៤ ដល់២០៣៥ តាមរយៈការ​ដាក់ចេញនូវសកម្មភាពយុទ្ធសាស្ត្រ និងគោលដៅអាទិភាពតាមដំណាក់កាល ក្នុង​ទិដ្ឋភាពពហុវិស័យ តាមរយៈការអភិវឌ្ឍប្រព័ន្ធគាំពារសុខភាពសង្គម និងការពង្រឹង​សមត្ថភាពផ្តល់សេវាសុខាភិបាលទាំងសាធារណៈ និងឯកជន សំដៅកាត់បន្ថយឱ្យ​បានជាអតិបរមាអត្រាចំណាយពីហោប៉ៅលើការថែទាំសុខភាព និងពង្រឹងប្រសិទ្ធ​ភាព​ចំណាយសម្រាប់វិស័យសុខាភិបាល។

-ផែនទីបង្ហាញផ្លូវនេះ កំណត់គោលដៅ​ជាក់​លាក់​ចំនួន៣ ដូចខាងក្រោម៖
(១) ការពង្រីកវិសាលភាពគ្របដណ្តប់ពលរដ្ឋដោយ​ប្រព័ន្ធគាំពារសុខភាព​សង្គម​ឱ្យ​បាន ៨០ភាគរយ នៃចំនួនពលរដ្ឋសរុប,
(២) សន្ទស្សន៍គ្របដណ្តប់សេវាសុខាភិបាលសារវន្តឱ្យបានយ៉ាងហោចណាស់ ៨០ភាគរយ
(៣) កាត់បន្ថយអត្រាចំណាយពីហោប៉ៅលើការថែទាំសុខភាពឱ្យនៅត្រឹម ៣៥ភាគរយ នៃចំណាយសរុបលើវិស័យសុខាភិបាល៕

Leave a Reply

Your email address will not be published. Required fields are marked *