(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥។
ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍កោតសរសើរ ដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម និងស្ថាប័នពាក់ព័ន្ធដែលបានខិតខំធ្វើឱ្យសម្រេចបាននូវផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ ២០២៤-២០៣៥ រហូតឈានដល់ការដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះ។
សម្តេចធិបតី បញ្ជាក់ជាថ្មីថា សម្រាប់អាណត្តិទី៧នេះ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល មូលធនមនុស្សគឺជាកត្តាអាទិភាពទី១ ហើយដើម្បីឱ្យមូលធនមនុស្សដែលល្អ គឺត្រូវមានសុខភាពល្អជាចំបង និងដើម្បីទទួលបានសុខភាពល្អ គឺរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់មុនគេនៅលើការផ្ដល់សេវាសុខភាពល្អទៅដល់ប្រជាពលរដ្ឋ។
សម្តេចធិបតី បានអះអាងថា ក្នុងរយៈពេល៤០ឆ្នាំមកនេះ គឺរាជរដ្ឋាភិបាល បានធ្វើការវិនិយោគច្រើនណាស់លើសុខាភិបាល ពោលគឺរហូតដល់ជាង ៥០០លានដុល្លារ អាមេរិកឯណោះ។
សម្តេចធិបតី មានប្រសាសន៍ថា គោលដៅរបស់រាជរដ្ឋាភិបាលអណត្តិទី៧នេះ គឺធ្វើយ៉ាងណាធ្វើឱ្យវិស័យសុខាភិបាលរបស់រដ្ឋក្លាយទៅជាទីពឹងរបស់ប្រជាពលរដ្ឋនៅគ្រប់ពេលវេលា ហើយនៅថ្នាក់មូលដ្ឋានអាចផ្ដល់សេវាឱ្យប្រជាពលរដ្ឋ ២៤ ម៉ោង ក្នុង១សប្ដាហ៍ពេញតែម្ដង។
សម្តេចធិបតី បញ្ជាក់ថា ដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ ២០២៤-២០៣៥ គោលដៅ គឺកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋឱ្យបានយ៉ាងហោចអត្រាចំណាយពីហោប៉ៅលើការថែទាំសុខភាពឱ្យនៅត្រឹម ៣៥ ភាគរយនៃចំណាយសរុបលើវិស័យសុខាភិបាល។
សម្តេចធិបតី ក្នុងឆ្នាំ ២០២៣ រាជរដ្ឋាភិបាលបានចំណាយថវិកានៅក្នុងការគាំពារសង្គមសរុបចំនួន ៣៧១៥ ប៊ីលលានរៀល ស្មើនឹងប្រមាណ ៩២៩ លានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋគោលដៅនៅទូទាំងប្រទេសប្រមាណ ៤ លាន ៧សែននាក់ ដោយបានអនុវត្តទៅលើកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គមនានា សម្រាប់ផ្តល់ការគាំពារដល់ពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស។
សម្តេចធិបតី អំពាវនាវដល់មិត្តបរទេស ជាពិសេសប្រទេសប្រជាធិបតេយ្យ បើចង់ពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា សូមពង្រឹងការអនុវត្តច្បាប់គ្រប់គ្នា ជាពិសេសការគោរពច្បាប់ មិនអាចបុគ្គលនោះជាសកម្មជនបក្សប្រឆាំង អាចមានសិទ្ធិធ្វើអ្វីល្មើសច្បាប់បាននោះទេ។
សម្តេចធិបតី បញ្ជាក់ថា មិត្តបរទេស មិនគួរជួយ ឬមួយលើកទឹកចិត្តអ្នកខុសនោះទេ ប៉ុន្ដែគួរតែជួយណែនាំគាត់កុំឱ្យដើរហួសព្រំដែននៃច្បាប់។ ហើយមិត្តបរទេសមុននឹងវាយតម្លៃលើបុគ្គលនោះជានរណា តែគួរវាយតម្លៃលើថា តើបុគ្គលនោះធ្វើអ្វី។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានចេញបទបញ្ជាដល់អាជ្ញាធររាជធានី-ខេត្តទំាងអស់ត្រូវ រឹតបន្តឹងឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្មេងទំនើង ដោយត្រូវតែចាត់វិធានការឲ្យបានទាន់ពេលវេលាដោយមិនត្រូវលើកលែងនោះឡើយ។
សម្តេចធិបតី អំពាវនាវដល់ស្ថាប័នតុលាការយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះករណីក្រុមក្មេងទំនើង។ ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានអំពាវនាវដល់ឪពុកម្ដាយ និងអ្នកអាណាព្យាបាលចូលរួមពង្រឹងតាមដាន និងអប់រំកូនចៅឱ្យបានល្អ។
សម្តេចធិបតី ណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ រួមគ្នាជាធ្លុងមួយក្នុងការអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ ២០២៤-២០៣៥៕