គ្រាន់តែប្រើប្រាស់ស្លាកលេខ មិនប្រក្រតី ចាងហ្វាងសារព័ត៌មាន«រាជសីឦសាន»ត្រូវបានសមត្ថកិច្ចចាប់និងឃុំខ្លួន!

(រតនគិរី)៖ ផ្អែកលើហេតុផល”ប្រើប្រាស់ស្លាកលេខរថយន្តមិនប្រក្រតី”សមត្ថកិច្ចខេត្តរតនគិរី បានឃាត់ខ្លួនលោក សុង គីមហេង ចាងហ្វាងសារព័ត៌មាន«រាជសីឦសាន» រួចបញ្ជូនទៅកាន់តុលាការ ដោយគ្មានការលើកលែង ក្នុងនោះតុលាការ ក៏បានឃុំខ្លួនលោក សុង គីមហេង ផងដែរ..!។
ការចាប់ឃុំខ្លួន លោកចាងហ្វាងរូបនេះ ធ្វើឱ្យបងប្អូនអ្នកសារព័ត៌មាន ស្ទើរមួយប្រទេស សម្ដែងការខកចិត្ត និងរន្ធត់ចិត្តជាពន់ពេក…!។

ដោយថា សព្វថ្ងៃនេះ អ្នកជិៈរថយន្តអត់ពន្ធនាំចូលមានច្រើន សុទ្ធតែសេរីទំនើបៗទៀតផង ពុំមែនមានតែលោក សុង គីមហេង នោះទេ ។
ខណៈដែលលោក សុង គីមហេង ប្រើរថយន្តកញ្ចាស់អត់ពន្ធនាំចូល តម្លៃជាង១.០០០ដុល្លារទុកគ្រាន់នឹង ជិៈផ្លាស់ប្ដូរគ្នា ពេលរថយន្តមានពន្ធរបស់គាត់ ខូចឬត្រូវជួសជុលម្ដងម្កាលប៉ុណ្ណោះ..!។

ជាក់ស្ដែង រាល់ថ្ងៃនេះគេឃើញ អ្នកប្រកាសលក់”រថយន្តអត់ពន្ធនាំចូល”តាមបណ្ដាញសង្គមយ៉ាងស្អេកស្កះ ម្ដងបំពាក់ស្លាកលេខនេះ ម្ដងពាក់ស្លាកលេខនោះ ហេតុអ្វីបានជាសមត្ថកិច្ចខេត្តរតនគិរី មិនទៅចាប់ដាក់គុកឱ្យអស់ទៅ…?។

-ក្នុងរឿងនេះ បងប្អូនអ្នកសារព័ត៌មានជាច្រើន បានចាត់ទុកការចាប់ឃុំខ្លួន ចាងហ្វាងសារព័ត៌មាន«រាជសីឦសាន»ថា(ជារឿងគំនុំ)។
ព្រោះកន្លងមកលោក សុង គីមហេង តែងតែផ្សព្វផ្សាយ រិៈគន់ និងវាយប្រហារ មន្ត្រីខិលខូចមួយចំនួន ក្នុងខេត្តរតនគិរី ជាពិសេសថ្មីៗនេះ។

លោក សុង គីមហេង បានផ្សាយពាក់ព័ន្ធ មន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី យករថយន្តរដ្ឋ ទៅបម្រើការ និងចាក់ដីឡូត៍ឯកជន..!។
ដែលជាមូលហេតុនាំឱ្យ មន្ត្រីមិនសប្បាយចិត្ត តាមប្រម៉ាញ់ ចាំចាប់កំហុសលោក សុង គីមហេង វិញពាក់ព័ន្ធ ការប្រើរថយន្តអត់ពន្ធនាំចូល”ប្រើប្រាស់ស្លាកលេខរថយន្តមិនប្រក្រតី”។

-ទាក់ទិនបញ្ហានេះលោក សុង គីមហេង ចាងហ្វាងសារព័ត៌មាន«រាជសីឦសាន»ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

លុះដល់ថ្ងៃទី២៦.០៥.២០២៤ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តរតនគិរី បានសម្រេចចេញដីកាឃុំខ្លួន លោក សុង គីមហេង ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ«ចរាចរណ៍យានជំនិះដោយប្រើផ្លាកលេខសម្គាល់យានជំនិះ ដោយដឹងថាជាឯកសារក្លែងក្លាយ (លតាប័ត្រ និងផ្លាកលេខរថយន្តមិនត្រឹមត្រូវ) និងប្រើប្រាស់ឯកសារសាធារណៈក្លែង» តាមបញ្ញត្តិមាត្រា៧៨ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា
៦៣០ នៃក្រមព្រហ្មទណ្ឌ។

-នៅមុនពេលឃុំខ្លួនលោក សុង គីមហេង បានបញ្ជាក់ថា ដើមចមនៃរឿងនេះ គឺនៅអំឡុងពាក់កណ្ដាល ខែឧសភា ឆ្នាំ២០២៤ រថយន្ត នីសាន់ម៉ាច របស់លោកបានខូច នឹងត្រូវជួសជុល..!។
ប៉ុន្តែដោយកត្តាចាំបាច់ ក្នុងការបំពេញបេសកកម្មយកព័ត៌មាន លោក ក៏បានដោះស្លាកលេខ ពីរថយន្តនីសាន់ម៉ាច ទៅបំពាក់លើរថយន្ត ហុងដាវិត(អត់ពន្ធនាំចូល) ជាបណ្ដោះអាសន្ន ដើម្បីធ្វើដំណើរមួយគ្រាសិន!។

ដោយលោក សុង គីមហេង នឹកស្មានថា ពុំមានរឿងអ្វីកើនឡើងទេ ព្រោះជាស្លាកលេខរបស់ខ្លួនយ៉ាងពិតប្រាកដ ពុំមែនជាការកែច្នៃ ឬផលិតស្លាកលេខក្លែងក្លាយអ្វីឡើយ…!។

ពោលគឺ ស្របពេលបញ្ចប់បេសកកម្ម រថយន្តម៉ាកនីសាន់ម៉ាច របស់លោក សុង គីមហេង ។
ក៏បានជួសជុលរួចរាល់ ហើយលោក សុង គីមហេង បានដោះស្លាកលេខ ដែលកំពុងបំពាក់បណ្ដោះអាសន្ន លើរថយន្តហុងដាវិត មកបំពាក់លើ រថយន្តម៉ាកនីសាន់ម៉ាច របស់ខ្លួន ជាធម្មតាវិញ…!។
រួចក៏ធ្វើដំណើរ ទៅបំពេញបេសកកម្មបន្តទៀត ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន ត្រង់ចំណុចខាងលើតែម្ដងទៅ ពាក់ព័ន្ធករណីប្រើប្រាស់”ស្លាកលេខរថយន្តមិនប្រក្រតី”។

ក្នុងរឿងនេះបងប្អូនអ្នកសារព័ត៌មាន ស្ទើរមួយប្រទេស បានសម្ដែងការហួសចិត្តថា«គ្រាន់តែរឿងប៉ុណ្ណឹងសោះលោក សុង គីមហេង បែរជាត្រូវប្រឈម នឹងជាប់ពន្ធនាគារ ចាប់ពី២ឆ្នាំ ទៅ៥ឆ្នាំទៅវិញ»។

-ខណៈដែលរថយន្តចាស់ៗទាំង២គ្រឿងរបស់លោក សុង គីមហេង នោះ បើលក់សរុបទាំងអស់ ក៏មិនបាន៤.០០០ដុល្លារផង..!។

-ការចាប់ឃុំខ្លួនលោក សុង គីមហេង នេះដែរ ធ្វើឱ្យក្រុមគ្រួសារគាត់ ហួសចិត្តយំសោកបោកខ្លួន ដូចអកព្រាន់ទ្រនំ…! ។
ជាមួយគ្នានេះ បងប្អូនអ្នកសារព័ត៌មាន ស្ទើរមួយប្រទេស សូមស្នើយ៉ាងទទូចដល់ថ្នាក់ដឹកនាំខេត្តរតនគិរី និងឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍អនុញ្ញាតឱ្យលោក សុង គីមហេង បានចេញនៅក្រៅឃុំបណ្ដោះអាសន្ន ដោយក្ដីអនុគ្រោះ ដើម្បីមានឱកាសជួបជុំប្រពន្ធកូន និងបានកែប្រែកំហុស ទៅថ្ងៃក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *