រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Andrei Belousov នៅថ្ងៃសុក្រនេះ បាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងវាយរុលទៅមុខ គ្រប់សមរភូមិមុខទាំងអស់ នៅអ៊ុយក្រែន ។
ហើយក្នុងឆ្នាំ២០២៤នេះ វាយយកទឹកដីបានសរុបប្រមាណ ៨៨០គីឡូម៉ែត្រក្រឡាថែមទៀត..!។
ប្រសិនបើពិតដូចការអះអាងមែននោះ រុស្ស៊ី ក្នុងរយៈពេល៥ខែមកនេះ គឺទទួលជោគជ័យ នៅលើសមរភូមិ ធំជាងកាលពីពេញមួយឆ្នាំ២០២៣ ទៅទៀត ។
ជាពេលដែល ខ្សែបន្ទាត់តាមសមរភូមិមុខ ភាគច្រើនគឺ នៅជាប់គាំងដោយគ្មានការប្រែប្រួលខ្លាំងឡើយ ។
បើទោះបីកងកម្លាំងរបស់អ៊ុយក្រែន បានបើកប្រតិបត្តិការវាយបកទ្រង់ទ្រាយធំ នារដូវក្តៅក៏ដោយ។
បើតាមលោក Belousov រុស្ស៊ី ក៏បានរុញច្រានអ៊ុយក្រែន ឱ្យដកថយចម្ងាយប្រហែល៨-៩គីឡូម៉ែត្រផងដែរ នៅឯតំបន់ Kharkiv ភាគឦសាន ជាទីដែលខ្លួនបានបើកការវាយលុកក្នុងទ្រង់ទ្រាយធំ កាលពីថ្ងៃទី១០ ខែឧសភា។
គួរបញ្ជាក់ថា អ៊ុយក្រែន បានស្ថិតក្រោមសម្ពាធយ៉ាងតានតឹង ចាប់តាំងពីរុស្ស៊ី បានធ្វើប្រតិបត្តិការវាយលុក នៅ Kharkiv មក ។
ដោយខិតខំស្ទុះស្ទាចល័តកម្លាំងជំនួយ ទៅកាន់តំបន់នោះ ប៉ុន្តែទន្ទឹមគ្នាត្រូវបង្ខំចិត្តដកថយ នៅតាមតំបន់សមរភូមិមុខដទៃទៀត។
មិនតែប៉ុណ្ណោះ ទីក្រុងកៀវ ក៏កំពុងប្រឈមផងដែរ នូវការខ្វះខ្វាតជាខ្លាំង នៃគ្រាប់សម្រាប់សព្វាវុធ ទោះសម្ព័ន្ធមិត្តធំបំផុតរបស់ខ្លួន ។
គឺទីក្រុងវ៉ាស៉ីនតោន បានអនុម័តថវិកាជំនួយថ្មីទំហំជាង ៦០ពាន់លានដុល្លារ កាលពីខែមុនក៏ដោយ៕