សម្តេចធិបតីថ្លែងថា យើងត្រូវថែរក្សាគាំពារសិល្បៈ ដែលនៅសេសសល់!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា យើងត្រូវរួមគ្នាស្រាវជ្រាវចងក្រង ជាពិសេសថែរក្សាសិល្បៈដែលនៅសេសសល់ ។
ព្រោះបើយើងមិនប្រើប្រាស់ មិនរៀបចំចងក្រងជាឯកសារទុកទេ នោះយើងអាចនឹងបាត់បង់។

សម្តេចធិបតី យើងកុំបង្កើតថ្មី រហូតមានថ្មីបាត់ចាស់នោះឡើយ។
ប៉ុន្តែយើងត្រូវថែរក្សា អ្វីដែលមានស្រាប់នៅក្នុងដៃ ហើយរួមគ្នាបង្កើតឱ្យបានច្រើនទៀត ។
ដើម្បីវប្បធម៌របស់យើងមានភាពរស់រវើកបន្តទៅមុខ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចនិងលោកជំទាវបណ្ឌិត អញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ «អ្នកស្នងមរតក» នៅរសៀលថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកដល់អ្នកសិល្បៈទាំងអស់គ្រប់ទម្រង់ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ចៀសវាងនូវការផលិតមាតិកា ឬការសម្ដែងទាំងឡាយណា ដែលមានចរិកមិនល្អសម្រាប់សង្គមជាតិ ឬអុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនាជាដើម។

សម្ដេចធិបតី បានមានប្រសាសន៍យ៉ាងដូច្នេះថា នៅក្នុងបរិកា នៃបដិវត្តន៍ឌីជីថល ការចែករំលែកព័ត៌មានក្នុងសង្គមកាន់តែលឿន និងកាន់តែពិបាក ខ្ញុំសូមរំលឹកដល់គ្រប់សិល្បករ ត្រូវមានប្រុងប្រយ័ត្នខ្ពស់ចៀសវាង នូវការផលិត ការបង្កើតមាតិកាដែលសម្ដែងទាំងឡាយណា ដែលមានចរិកមិនល្អសម្រាប់សង្គមជាតិ ឬសមធម៌ជាតិរបស់យើង។

ពាក់ព័ន្ធការបង្កើតស្នាដៃថ្មី និងការតែងនិពន្ធ ក្រៅពីការគិតគូរដល់ភាពប្លែក ថ្មី សប្បាយ និងការទាក់ទាញដើម្បីឲ្យមានអ្នកចាប់អារម្មណ៍ និងការគាំទ្រ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានស្នើឲ្យមានការយកចិត្តទុកដាក់ខ្ពស់ លើការបញ្ជូនសារអប់រំ និងលើកស្ទួយសីលធម៌សង្គម តម្លៃគ្រួសារខ្មែរ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សច្ចៈធម៌ គុណធម៌ និងមិនលួចចម្លង ក្នុងទិសដៅដម្កល់ស្នាដៃដែលបានបង្កើតជាគំរូ និងកេរ្ដិ៍ដំណែលសម្រាប់ ជនជំនាន់ក្រោយ ៕

Leave a Reply

Your email address will not be published. Required fields are marked *