(ត្បូងឃ្មុំ)៖ ថ្លែងបកស្រាយបំភ្លឺនៅចំពោះមុខមន្ត្រីជំនាញគយ នៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ កាលពីថ្ងៃទី០១.០៦.២០២៤។
ក្រុមអាជីករ អ្នកលក់ទូរស័ព្ទនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានអះអាងថា មន្ត្រីគយចល័តតំបន់៦ ពុំបានចាប់ដកហូត យកទូរស័ព្ទម៉ាក«Nokia ចុចពិល»ពីពួកខ្លួននោះឡើយ ដោយពួកគាត់បញ្ជាក់ថា ជារឿងភ័ន្តច្រឡំប៉ុណ្ណោះ..!។
មួយវិញទៀត ករណីដែលល្បីតាមបណ្ដាញសង្គមថា ទូរស័ព្ទម៉ាក«Nokia ចុចពិល»១គ្រឿងបង់ពន្ធនាំចូល អស់ចំនួន៩៣$(ដុល្លារ)នោះ ក៏ជារឿងមិនពិតដែរ ពោលគឺ ជាការបំប៉ោងព័ត៌មាននិងជាព័ត៌មានក្លែងក្លាយ.!។
ទាក់ទិនរឿងរ៉ាវនេះ កាលពីថ្ងៃទី៣០.០៥.២០២៤ កម្លាំងការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ សហការជាមួយអាជ្ញាធរមូលដ្ឋាន.នគរបាល.អាវុធហត្ថ ដឹកនាំផ្ទាល់ ដោយព្រះរាជអាជ្ញារងខេត្តត្បូងឃ្មុំ។
បានចុះឆែកឆេរ និងត្រួតពិនិត្យទីតាំងអាជីវកម្មលក់ទូរស័ព្ទចំនួន៥ ទីតាំងនៅស្រុកមេមត់ នឹងចាប់ឃាត់បានទំនិញល្មើសច្បាប់គយ ចម្រុះរួមមាន ទូរស័ព្ទ, ប្រេងម៉ាស៊ីន,និងគ្រឿងអគ្គិសនី មួយចំនួនផងដែរ។
ទន្ទឹមនិងនោះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ) ក៏បានចេញលិខិតបំភ្លឺថា អនុលោមតាមមាត្រា៨ នៃច្បាប់ស្តីពីគយជាធរមាន, ប្រកាស លេខ ៣៨៩ សហវ. គរ ចុះថ្ងៃទី២២ ខែខុសភា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រកាសលេខ ៧៣៥ សហវ.តរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មុខទំនិញ ទូរសព្ទ ត្រូវបាន ចាត់ជា ទំនិញកំណត់ពិសេស ដែលជាកម្មវត្ថុនៃការបិទត្រាពន្ធគយ។
ជាក់ស្តែង នាពេលចុះធ្វើអនុលោមភាពនៅ តាមទីតាំងអាជីវកម្មដ្ឋានខាងលើ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចពិនិត្យឃើញថា មាន ទូរស័ព្ទស្មាតហ្វូនថ្មី ចំនួន៣៥៦ គ្រឿង និងទូរស័ព្ទប្រើរួច ចំនួន ៩៥៥គ្រឿង ពុំមានបិទត្រាពន្ធគយនិងពុំមានឯកសារ បញ្ជាក់ពីប្រភព ស្របច្បាប់។
បច្ចុប្បន្ន ទូរស័ព្ទទាំងនេះ ត្រូវបាននាំយកមកថែរក្សាទុកជាបណ្តោះអាសន្ននៅ ទីតាំងឈរជើង របស់ ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ស្ថិតនៅភូមិ ហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយ ទៅតាមនីតិវិធី។
នៅក្នុងលិខិតបំភ្លឺ បញ្ជាក់ថាទូរស័ព្ទប្រើរួច ដែលត្រូវបានរកឃើញថា ជាទំនិញទិញដូរ ក្នុងស្រុក អង្គភាពគយនិងរដ្ឋាករ មានសមត្ថកិច្ចនឹងប្រគល់ជូនម្ចាស់វិញផងដែរ៕