កាលពីថ្ងៃអង្គារ ទី១២ ខែសីហា នាយករដ្ឋមន្ត្រីហុងគ្រី មកពីក្រុមស្តាំនិយម លោក Viktor Orban បានលើកឡើង ថា រុស្ស៊ី បានឈ្នះសង្រ្គាមរួចទៅហើយនៅអ៊ុយក្រែន មុនពេលកិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងសមភាគីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃសុក្រ ១៥ សីហា ខាងមុខនេះនៅរដ្ឋអាឡាស្កា របស់អាមេរិក។
ដោយកាន់តំណែងតាំងតែពីឆ្នាំ២០១០មក លោក Orban ត្រូវបានរិះគន់ដោយមេដឹកនាំអឺរ៉ុបមួយចំនួនចំពោះទំនាក់ទំនងដ៏ស្និទ្ធិស្នាលរបស់រដ្ឋាភិបាលលោកជាមួយរុស្ស៊ី និងការប្រឆាំងនឹងជំនួយយោធាសម្រាប់អ៊ុយក្រែន ខណៈគណៈរដ្ឋមន្ត្រីរបស់លោកកំពុងជួបការលំបាកដើម្បីស្តារសេដ្ឋកិច្ចឡើងវិញពីភាពតក់ស្លុតអតិផរណា។
ថ្លែងប្រាប់បណ្តាញយូធូបឈ្មោះ ‘Patriot’ នៅក្នុងបទសម្ភាសន៍មួយ លោក Orban បាននិយាយថា គ្រប់គ្នាកំពុងនិយាយពេលនេះ ហាក់ដូចជាស្ថានភាពសង្រ្គាមបើកចំហ ប៉ុន្តែមិនមែនបែបនេះទេ។ អ៊ុយក្រែនបានចាញ់ហើយរុស្ស៊ីជាអ្នកឈ្នះសង្រ្គាមមួយនេះ៕