(ព្រៃវែង)៖ ក្រុមគ្រឿងចក្រវៀតណាម កំពុងធ្វើអាជីវកម្ម ឈូសឆាយកាយដី ក្នុងគម្រោងសាងសង់”បេនស្រូវ”១កន្លែងត្រង់ចំណុចក្បែរ”ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា”ស្ថិតនៅភូមិកោះរកា ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ដោយពុំបានបង់ពន្ធនាំចូល។
-សេចក្ដីរាយការណ៍បានប្រាប់«ដើមរាំង»ថា គ្រឿងចក្រវៀតណាមទាំងនោះ ឈ្មួញបានរត់ការនាំចូលឆ្លងដែនពីវៀតណាម មកកម្ពុជា តាម”ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា”ដោយគ្មានការ«បង់ពន្ធនាំចូល»អ្វីឡើយ។
ពោលគឺ គ្រឿងចក្រវៀតណាម មកធ្វើអាជីវកម្ម លើដីខ្មែរដោយខុសច្បាប់តែម្ដង…!។
-ករណីនេះលោក ប៊ុន ឡុង ប្រធានការិយាល័យគយនិងរដ្ឋាករ”ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា”បានថ្លែងរបៀបសោះអង្គើយថា«មិនអីទេ ព្រោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក»។
ប្រភពបានឱ្យ«ដើមរាំង»ដឹងថា គ្រឿងចក្រវៀតណាម ដែលកំពុងធ្វើអាជីវកម្ម ត្រង់ចំណុចខាងលើ រួមមាន៖ SK កាយដីចំនួន០១គ្រឿង.រថយន្តបែនដឹកដីចំនួន០២គ្រឿង អាប៊ុលឈូសឆាយដីចំនួន០១គ្រឿង….។
ប្រភពបន្តថា ក្រុមគ្រឿងចក្រទាំងអស់នេះ ត្រូវឈ្មួញវៀតណាម ដ៏មានឥទ្ធិពលម្នាក់ រត់ការនាំចូលពីប្រទេសវៀតណាម ឆ្លងដែនមកកម្ពុជា កាលពីអំឡុងពាក់កណ្ដាល ខែឧសភា ឆ្នាំ២០២៤ ដោយពុំមានការ”បង់ពន្ធនាំចូល”នោះឡើយ។
-បើតាមប្រភពបញ្ជាក់ថា បន្ទាប់ពីឈ្មួញវៀតណាម រត់ការនាំគ្រឿងចក្រ ឆ្លងដែន ចូលមកកម្ពុជាហើយនោះ.!។
គឺឈ្មួញ ចាប់ផ្ដើមធ្វើអាជីវកម្ម ឈូសឆាយកាយដីក្នុងគម្រោងសាងសង់”បេនស្រូវ”ត្រង់ចំណុចខាងលើ យ៉ាងពេញបន្ទុករាល់ថ្ងៃតែម្ដង។
ជាក់ស្ដែងៈ ពេលយប់គេបូមខ្សាច់ចូលគម្រោង ហើយពេលថ្ងៃ គ្រឿងចក្រ ធ្វើការឈូសឆាយជាប្រចាំ!។
-ក្នុងករណីនេះ មន្ត្រីរាជការទូទៅកំពុងងឿងឆ្ងល់ជាខ្លាំងថា តើ សមត្ថកិច្ច”ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា”សំអាងលើអ្វី បានជាមានសិទ្ធ អនុញ្ញាតឱ្យគ្រឿងចក្រវៀតណាម ចូលមកធ្វើអាជីវកម្ម លើដីខ្មែរ ដោយខុសច្បាប់ និងពុំមានការបង់”ពន្ធនាំចូល”បែបនេះ…!។
-រាល់ការចោទប្រកាន់ខាងលើ នៅល្ងាចថ្ងៃទី០២.០៦.២០២៤«ដើមរាំង»បានព្យាយាមសុំការបំភ្លឺពីលោក សាង សារ៉ុម ប្រធានស្នាក់ការត្រួតពិនិត្យ”ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា”ប៉ុន្តែទូរស័ព្ទរបស់លោក ខលមិនចូលសោះ!។
-យ៉ាងណាក្ដីលោក ប៊ុន ឡុង ប្រធានការិយាល័យគយនិងរដ្ឋាករ”ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា”បានថ្លែងទទួលស្គាល់ថា ពិតជាមានករណី គ្រឿងចក្រវៀតណាម ចូលមកធ្វើអាជីវកម្ម លើដីខ្មែរប្រាកដមែន!។ដោយលោក ប៊ុន ឡុង អះអាងថា មិនអីទេព្រោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន….!។
-សូមជម្រាបថា៖ គោលការរាជរដ្ឋាភិបាលកម្ពុជាយើង តែងតែលើកទឹកចិត្ត ដល់វិស័យឯកជន ក្នុងការវិនិយោគ។
ដោយមិនប្រកាន់ជាតិសាសន៍.សំខាន់ឱ្យតែក្រុមហ៊ុន.ឬសហគ្រាសទាំងនោះ ធ្វើអាជីវកម្មដោយស្របច្បាប់ និងបានសុំការអនុញ្ញាតពីក្រសួងជំនាញ។
-ដោយឡែក៖ ចំពោះការនាំចូល.មធ្យោបាយយានយន្ត.យានជំនិះ.សម្ភារៈប្រើប្រាស់.ឧបករណ៍នានា ជាពិសេសគ្រឿងចក្រ ពីបរទេសមកកម្ពុជា ដោយមិនបាន”បង់ពន្ធនាំចូល”ជារឿងខុសច្បាប់ទាំងស្រុក….!។
ដែលទាមទារឱ្យ មន្ត្រីអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញព្រំដែន រួមនិងមន្ត្រីគយចល័ត ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់៕