Update៖ គ្រឿងចក្រវៀតណាម ដែលឆ្លងដែនមកកម្ពុជា ដោយពុំបានបង់ពន្ធនាំចូល ឥឡូវត្រូវចល័តចេញវិញហើយ ក្រោយបែកធ្លាយរឿង!

(ព្រៃវែង)៖ បន្ទាប់ពីឈ្មួញរត់ការនាំយកគ្រឿងចក្រវៀតណាម ឆ្លងដែនមកកម្ពុជា តាម”ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា”ដោយពុំបានបង់ពន្ធនាំចូល រួចធ្វើអាជីវកម្ម អស់ជាច្រើនថ្ងៃនោះមក…!។

-នៅល្ងាចទី០២.០៦.២០២៤ ក្រុមគ្រឿងចក្រវៀតណាមទាំងនោះ ត្រូវបានចល័តចេញទៅប្រទេសវៀតណាមវិញយ៉ាងតក់ក្រហល់!។ ក្រោយ«ដើមរាំង»ផ្សព្វផ្សាយបានប្រហែលកន្លះម៉ោង.ពោលគឺ គ្រឿងចក្រចេញទៅផុត ស្រាប់តែគេឃើញវត្តមានកម្លាំងសមត្ថកិច្ច ចម្រុះ ចុះទៅចាប់ខ្យល់.តាមក្រោយទៀតផង…! ។

-សេចក្ដីរាយការណ៍បានប្រាប់«ដើមរាំង»ថា គ្រឿងចក្រវៀតណាមទាំងនោះ រួមមាន៖ SK កាយដីចំនួន០១គ្រឿង.រថយន្តបែនដឹកដីចំនួន០២គ្រឿង អាប៊ុលឈូសឆាយដីចំនួន០១គ្រឿង….។
ក្រុមគ្រឿងចក្រនេះ ត្រូវឈ្មួញរត់ការនាំឆ្លងដែនពីវៀតណាម ចូលមកកម្ពុជា តាម”ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា”កាលពីអំឡុងពាក់កណ្ដាល ខែឧសភា ឆ្នាំ២០២៤
ដោយពុំមានការ«បង់ពន្ធនាំចូល»អ្វីឡើយ។

បន្ទាប់ពីរត់ការនាំយកគ្រឿងចក្រវៀតណាម ចូលដល់ទឹកដីកម្ពុជាភ្លាម ឈ្មួញបានចាប់ផ្ដើមធ្វើអាជីវកម្ម ឈូសឆាយកាយដីក្នុងគម្រោងសាងសង់”បេនស្រូវ”ត្រង់ចំណុចក្បែរ”ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា”ស្ថិតនៅភូមិកោះរកា ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង អស់ជាច្រើនថ្ងៃ។

ប្រភពដដែលបន្ថែមថា គម្រោងសាងសង់”បេនស្រូវ”មួយនេះពេលយប់គេបូមខ្សាច់ដាក់ ហើយពេលថ្ងៃ គ្រឿងចក្រវៀតណាម ធ្វើការឈូសឆាយ យ៉ាងពេញបន្ទុករាល់ថ្ងៃតែម្ដង។

រហូតមានការរិៈគន់តាមសារព័ត៌មាន«ដើមរាំង»ថាសមត្ថកិច្ច”ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា”អនុញ្ញាតឱ្យគ្រឿងចក្រវៀតណាម ឆ្លងដែនមកធ្វើអាជីវកម្មនៅកម្ពុជា ដោយពុំមានការបង់ពន្ធនាំចូល«គឺជារឿងខុសច្បាប់»។
ស្រាប់តែមានការ បញ្ជាឱ្យចល័តគ្រឿងចក្រ ចេញទៅវៀតណាម វិញយ៉ាងប្រញាប់ប្រញាល់បំផុត!។

ទាក់ទិននិងរឿងរ៉ាវខាងលើ កាលពីល្ងាចថ្ងៃទី០២.០៦.២០២៤«ដើមរាំង»បានព្យាយាមសុំការបំភ្លឺពីលោក សាង សារ៉ុម ប្រធានស្នាក់ការត្រួតពិនិត្យ”ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា”ប៉ុន្តែទូរស័ព្ទរបស់លោក ខលមិនចូល!។

រីឯលោកឧត្ដមសេនីយ៍ត្រី កែវ ជា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ទូរស័ព្ទចូលហើយគ្មានអ្នកទទួល!។

-ប៉ុន្តែលោក ប៊ុន ឡុង ប្រធានការិយាល័យគយនិងរដ្ឋាករ”ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា”បានថ្លែងទទួលស្គាល់ថា ពិតជាមានករណី គ្រឿងចក្រវៀតណាម ចូលមកធ្វើអាជីវកម្ម លើដីខ្មែរប្រាកដមែន!។
ដោយលោក ប៊ុន ឡុង អះអាងថា មិនអីទេព្រោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក!។

សូមជម្រាបថា គោលការរាជរដ្ឋាភិបាលកម្ពុជាយើង តែងតែលើកទឹកចិត្ត ដល់វិស័យឯកជន ក្នុងការវិនិយោគ។
ដោយមិនប្រកាន់ជាតិសាសន៍.សំខាន់ឱ្យតែក្រុមហ៊ុន.ឬសហគ្រាសទាំងនោះ ធ្វើអាជីវកម្មដោយស្របច្បាប់ និងបានសុំការអនុញ្ញាត ពីក្រសួងជំនាញ។

-ដោយឡែក ចំពោះការនាំចូល.មធ្យោបាយយានយន្ត.យានជំនិះ.សម្ភារៈប្រើប្រាស់.ឧបករណ៍នានា ជាពិសេសគ្រឿងចក្រ ពីបរទេសមកកម្ពុជា ដោយមិនបាន”បង់ពន្ធនាំចូល”ជារឿងខុសច្បាប់ទាំងស្រុក….!។

ដែលទាមទារឱ្យ មន្ត្រីអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញព្រំដែន រួមនិងមន្ត្រីគយចល័ត ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់!។

-ករណីនេះមន្ត្រីរាជការមួយចំនួនក៏ដូចជាមហាជនទូទៅ សង្ឃឹមថា ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ឯកឧត្ដម គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាពិសេសឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងចាត់វិធានការលើមន្ត្រី”ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា”មិនខានឡើយ!។
ដើម្បីឱ្យរាងចាលនិងជាគំរូ ដល់មន្ត្រីព្រំដែនដទៃទៀត កុំឱ្យចេះតែហ៊ានបំពានច្បាប់ អនុញ្ញាតឱ្យគ្រឿងចក្រ បរទេស ឆ្លងដែនមកកម្ពុជា ដោយពុំមានការបង់ពន្ធនាំចូល បែបនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *