សម្តេចធិបតី អនុញ្ញាតឱ្យរដ្ឋមន្ត្រីការពារជាតិអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សការងារ!

(ភ្នំពេញ)៖ បន្ទាប់ពីបានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភារួចមកនោះ ។
លោក ឡយ អូស្ទីន រដ្ឋមន្ត្រីការពារ​ជាតិ​​អាមេ​រិក បានបន្តដំណើរចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ឡយ អូស្ទីន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាអតីតនិស្សិតបញ្ចប់ការសិក្សា​សាលា​បណ្ឌិត​យោធារបស់អាមេរិក West Point។
លោក ឡយ អូស្ទីន បញ្ចប់ការសិក្សានៅ West Point ឆ្នាំ១៩៧៥ រីឯសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ចប់ការសិក្សានៅ West Point ឆ្នាំ១៩៩៩។

-រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន បានដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណ ៩ព្រឹកនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ។

-ដំណើរអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ របស់លោក ឡយ អូស្ទីន ត្រូវបា​នទទួល​បានការស្វាគមន៍ពីមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ តំណាងអគ្គមេបញ្ជា​ការកង​យោធព​ល​​ខេមរភូមិន្ទ និងតំណាងមេបញ្ជាការកងទ័ពទាំង៣ប្រភេទរបស់កម្ពុជាផងដែរ។

-ក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីជួបសម្តេចតេជោ និងសម្តេចធិបតីហើយនោះ លោក ឡយ អូស្ទីន នឹងជួបជាមួយឧបនា​យក​​រដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិរបស់​កម្ពុជា។
នៅទីស្តីការក្រសួងការ​ពារ​ជាតិ មុននឹងជំនួបពិភាក្សានោះ ក៏នឹងមានការរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ​ផង​ដែរ។

ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់លោក ឡយ អូស្ទីន នៅកម្ពុជានាពេលនេះ ត្រូវបានគេមើលឃើញថា ជាការរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហ​ប្រតិ​បត្តិ​ការលើវិស័យការពារជាតិរវាងកម្ពុជា និងអាមេរិក ឱ្យកាន់តែល្អប្រសើរ។

ក្រសួងការពារជាតិកម្ពុជា បានចាត់ទុកថា នេះជាទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រ លើកដំបូង មកកាន់ប្រទេសកម្ពុជា ដែលធ្វើឡើងដើម្បីបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា- អាមេរិក ដែលមានជាង៧០ឆ្នាំមកហើយ ជាពិសេសតាមរយៈ ការជំរុញការអនុវត្ត កិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលទាំងពីរ។

-ក្រសួងការពារជាតិ បានអះអាងថា ដំណើរទស្សនកិច្ចផ្លូវការ លោក ឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងបញ្ជាក់ជាថ្មី នូវចំណងមិត្តភាពដ៏យូរអង្វែង និងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិ អាមេរិក និងកងយោធរាលខេមរភូមិន្ទក្នុងការសហការជាដៃគូរដ៏សំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ការពារជាតិឱ្យកាន់តែស៊ីជម្រៅ សម្រាប់ការថែរក្សានូវ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូល។

ដំណើរទស្សនកិច្ចរបស់លោក ឡយ អូស្ទីន នៅកម្ពុជានាពេលនេះ គឺជាលើកទី២ហើយ។
កាលឆ្នាំ២០២២ លោក ឡយ អូស្ទីន ធ្លាប់បានអញ្ជើញមក​កម្ពុជា​ម្តងផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *