(កំពត)៖ នៅព្រឹកទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាងសង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ១៤០លានដុល្លារ។
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចរីករាយជាអនេកបានចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត។
សម្តេចធិបតី បានថ្លែងអំណរគុណក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនកំពតផត ដែលបានប្រឹងប្រែងរួមគ្នាសាងសង់កំពង់ផែនេះឱ្យចេញជារូបរាង។
សម្តេចធិបតី បានថ្លែងថា កំពង់ផែពហុបំណងកំពត គឺជាកំពង់ផែស្តង់ដារកម្រិតអន្តរជាតិមុនគេនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែនេះ នឹងចូលរួមចំណែកក្លាយជាសរសៃឈាមដ៏សំខាន់ថ្មីមួយទៀត សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា និង ធ្វើឱ្យប្រសើរឡើងនូវសកម្មភាព ពាណិជ្ជកម្ម និងការផ្លាស់ប្ដូរទំនិញ រួមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចនៅខេត្តកំពត ក៏ដូចជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។
សម្តេចធិបតី បានថ្លែងថា វិស័យកំពង់ផែ គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ ដោយយើងត្រូវខិតខំបន្តបង្កើនថវិកាវិនិយោគ និង កៀរគរហិរញ្ញប្បទាន ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ឱ្យកាន់តរីកចម្រើនថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែពហុបំណងកំពតនេះ នឹងក្លាយជាកំពង់ផែទឹកជ្រៅមួយទៀតនៅកម្ពុជា និងជាកំពង់ផែដ៏ទំនើប និង មានសារៈសំខាន់ ដែលជួយបំពេញបន្ថែមលើ មុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។
សម្តេចធិបតី បានថ្លែងថា មានគោលនយោបាយត្រឹមត្រូវ តែប្រទេសគ្មានលំនឹង, ប្រទេសមានលំនឹង តែគ្មានគោលនយោបាយត្រឹមត្រូវ មិនអាចធ្វើឱ្យប្រទេសរីកចម្រើនឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីប្រទេសមួយរីកចម្រើន ទាមទារឱ្យរាជធានី ខេត្តទាំងអស់ មានការរីកចម្រើន។
សម្តេចធិបតី បានថ្លែងថា គោលដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ គឺត្រូវធ្វើឱ្យប្រជាពលរដ្ឋនៅគ្រប់រាជធានី ខេត្ត មានជីវភាពល្អប្រសើរ។
សម្តេចធិបតី បានថ្លែងថា ដើម្បីឱ្យប្រទេសមួយមានការរីកចម្រើន មិនមែនយករាជធានី ខេត្តទៅប្រកួតប្រជែងគ្នានោះទេ គឺត្រូវប្រមូលផ្តុំកម្លាំងគ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា រាជរដ្ឋាភិបាលកំពុងរៀបចំដាក់ចេញផែនការអភិវឌ្ឍខេត្តជាប់សមុទ្រ ដើម្បីជំរុញការអភិវឌ្ឍខេត្តជាប់សមុទ្រ។
សម្តេចធិបតី បានថ្លែងថា ខេត្តជាប់សមុទ្រមានសក្តានុពលសម្រាប់សេដ្ឋកិច្ចច្រើន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែមិនមែនដើម្បីតាំងលំអនោះទេ គឺបម្រើឱ្យការធ្វើពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។
សម្តេចធិបតី បានថ្លែងថា ត្រឹមស្រមៃ នរណាក៏ស្រមៃបានដែរ ប៉ុន្តែការធ្វើឱ្យលេចចេញជារូបរាងកំពង់ផែពហុបំណងកំពត ក្នុងដំណាក់កាលវិបត្តិសេដ្ឋកិច្ចមិនមែនជារឿងងាយស្រួលនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រឹមស្រមៃ នរណាក៏ស្រមៃបានដែរ ប៉ុន្តែការធ្វើឱ្យលេចចេញជារូបរាងកំពង់ផែពហុបំណងកំពត ក្នុងដំណាក់កាលវិបត្តិសេដ្ឋកិច្ចមិនមែនជារឿងងាយស្រួលនោះទេ។
សម្តេចធិបតី បានថ្លែងថា ខេត្តកំពត និងខេត្តកែប មិនអនុញ្ញាតឱ្យបើកកាស៊ីណូនោះឡើយ។ សម្រាប់ខេត្តកំពត អនុញ្ញាតតែលើភ្នំពូកគោ និងព្រំដែនប៉ុណ្ណោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានរៀបចំផែនការរួចរាល់ហើយ សម្រាប់ការកសាងផែ ដើម្បីបម្រើប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ មិនមែនមានតែទ្រឹស្តីទេ តែក៏បានលេចចេញជារូបរាងហើយ។
សម្តេចធិបតី បានថ្លែងថា សម្តេចបច្ចុប្បន្នសម្តេចយកការរិះគន់របស់អ្នកប្រឆាំង ធ្វើជាការកម្សាន្ត និងនាំសំណើច។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងកសាងផ្លូវ ស្ពានយ៉ាងប្រទាក់ក្រឡាគ្នា សម្តេចធិបតី មានបំណងចង់ជិះរថភ្លើងកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនខ្មែរដែលចូលរួមវិនិយោគព្រែកជីកហ្វូណនតេជោ រួមមានកំពង់ផែស្វយ័តព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងក្រុមហ៊ុនឯកជនមួយទៀត។
សម្តេចធិបតី បានថ្លែងថា ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីផលប្រយោជន៍ជាតិ និងពលរដ្ឋខ្មែរពីបច្ចុប្បន្នទៅអនាគត មិនមែនដើម្បីប្រយោជន៍បរទេសនោះឡើយ។
សម្តេចធិបតី ស្នើទៅលោក សម រង្ស៉ី កុំប្រឆាំងគ្រប់រឿង ជាពិសេសកុំប្រឆាំងនឹងរឿងដែលជាឧត្តមប្រយោជន៍ជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋនៅតាមតម្រាយនៃគម្រោងព្រែកជីកហ្វូណនតេជោ សូមចូលរួមទាំងអស់គ្នា ដើម្បីឱ្យព្រែកជីកនេះលេចចេញជារូបរាង។
សម្តេចធិបតី បានថ្លែងថា វិធានការបង្ក្រាបក្មេងទំនើងអនុវត្តដោយគ្មានការដកថយឡើយ។ ងើបមួយចាប់មួយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកតុលាការ កុំសមត្ថកិច្ចប្រឹងចាប់ ហើយតុលាការ លើកហេតុផលដោះលែង។
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវកុំឱ្យមានចលនាទិញដី ស្ថិតនៅតាមតម្រាយគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីទារសំណងពីរដ្ឋ៕