ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើសាលារៀនមួយកន្លែង ដែលជាទីតាំងសម្រាប់ផ្តល់ជម្រកដល់ជនស៊ីវិលរាប់ពាន់នាក់ នៅភាគកណ្តាលហ្គាហ្សាស្ទ្រីប បានកើនឡើងដល់៤០នាក់ហើយ ។
-នេះបើយោងតាមអាជ្ញាធរប៉ាឡេស្ទីន កាលពីថ្ងៃព្រហស្បតិ៍។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ រដ្ឋាភិបាលរបស់ហ្គាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនរងគ្រោះរួមមានកុមារ14 នាក់ និងស្ត្រី 9 នាក់នៅក្នុងការវាយប្រហារ លើសាលារៀន។
ដែលគ្រប់គ្រងដោយទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) នៅក្នុងជំរុំជនភៀសខ្លួន Nuseirat កាលពីយប់ថ្ងៃពុធ។
ជនស៊ីវិលដែលផ្លាស់ទីលំនៅចំនួន ៧៤នាក់ ក៏បានរងរបួសក្នុងនោះមានកុមារ ២៣នាក់ និងស្ត្រី១៨ នាក់ផងដែរ។
យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយ យ៉ាងហោចណាស់ជម្រកចំនួន149 ត្រូវបានវាយប្រហារ ដោយកងកម្លាំងអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាចាប់តាំងពី ខែតុលាឆ្នាំមុន។
កងទ័ពអ៊ីស្រាអែល បានប្រព្រឹត្តការសម្លាប់រង្គាលទាំងនេះយ៉ាងព្រៃផ្សៃ បើទោះបីជាដឹងថា វត្តមានមនុស្សរាប់ម៉ឺននាក់នៅក្នុងមជ្ឈមណ្ឌលផ្លាស់ទីលំនៅក៏ដោយ។
ដោយឡែក កងទ័ពអ៊ីស្រាអែល បានទទួលស្គាល់ថា បានវាយលុកសាលារៀន UNRWA នៅក្នុងជំរុំជនភៀសខ្លួន Nuseirat ដោយអះអាងថា ក្រុមយុទ្ធជនហាម៉ាសកំពុងលាក់ខ្លួននៅខាងក្នុង។
អ៊ីស្រាអែលបានបន្តការវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 បើទោះបីជាមានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានការឈប់បាញ់ជាបន្ទាន់ក៏ដោយ។
ចាប់តាំងពីពេលនោះមក ប្រជាជនប៉ាឡេស្ទីនជិត ៣៦.៦០០ នាក់ត្រូវបានសម្លាប់នៅក្នុងហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយជាង ៨៣.០០០ នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់។
ប្រាំបីខែក្នុងសង្រ្គាមអ៊ីស្រាអែល ទឹកដីហ្គាហ្សាដ៏ធំល្វឹងល្វើយបានខ្ទេចខ្ទាំ ចំពេលមានការរាំងស្ទះអាហារ ទឹកស្អាត និងថ្នាំពេទ្យ។
អ៊ីស្រាអែលត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិ ដែលនៅក្នុងសេចក្តីសម្រេចចុងក្រោយរបស់ខ្លួនបានបញ្ជាឱ្យទីក្រុង Tel Aviv បញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការរបស់ខ្លួននៅក្នុងទីក្រុង Rafah ភាគខាងត្បូង ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់បានស្វែងរកការជ្រកកោនពីសង្គ្រាម មុនពេលវាត្រូវបានឈ្លានពាននៅខែឧសភា៕