(សៀមរាប)៖ នៅព្រឹកទី៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ ដែលរៀបចំឡើងនៅលើទឹកដីខេត្តសៀមរាប ដែនដីប្រាង្គប្រាសាទដ៏ល្បាញល្បីរបស់ខ្មែរ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់អាស៊ាន ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ ត្រូវបានធ្វើឡើងក្រោមប្រធាន ការប្រើប្រាស់បញ្ញាសិប្បនិម្មិត៖ ដំណើរឆ្ពោះទៅអនាគត។
ទន្ទឹមគ្នានេះ ក៏មានការរៀបចំកិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចប្រជុំទាំងនេះ នឹងក្លាយជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងតំបន់ ហើយក្នុងនាមជាប្រធានប្តូរវេន កម្ពុជាប្តេជ្ញាជំរុញការបង្កើនសមត្ថភាពផ្នែកវិទ្យាសាស្ត្ររបស់អាស៊ាន និងលើកកម្ពស់នវានុវត្តន៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
កិច្ចប្រជុំទាំងនេះ មានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជំរុញការអនុវត្តផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០១៦-២០២៥ (APASTI 2016-2025) ព្រមទាំងពិភាក្សា ដើម្បីរៀបចំផែនការសកម្មភាពអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់រយៈពេល១០ឆ្នាំបន្ទាប់ (APASTI 2026-2០35)។
ផែនការសកម្មភាពអាស៊ាន ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាផែនទីបង្ហាញផ្លូវដែលមានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងតំបន់អាស៊ាន។
ផែនការនេះបង្ហាញ សកម្មភាពអាទិភាព ដូចជាការបង្កើនសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D), ការលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍, ការកែលម្អការអប់រំផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, និងការលើកកម្ពស់ភាពជាដៃគូជាមួយ វិស័យឯកជនជាដើម។
គោលដៅចុងក្រោយនៃផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺដើម្បីទាញយកសក្តានុពលនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់។
គម្រោងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ានដូចជាអូស្ត្រាលី កាណាដា ចិន ឥណ្ឌា ជប៉ុន កូរ៉េ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏ត្រូវបានពិភាក្សាផងដែរ។
លើសពីនេះ របាយការណ៍ពីស្ថាប័នបុត្រសម្ព័ន្ធ និងបណ្តាញផ្សេងៗ ដូចជាក្រុមអ្នកជំនាញផ្នែកមាត្រាសាស្ត្រ បណ្តាញអ្នកវិទ្យាសាស្ត្រវ័យក្មេងអាស៊ាន និងបណ្តាញអាស៊ាន ស្តីពីសេដ្ឋកិច្ចបៃតងវិលជុំ ក៏ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំនេះផងដែរ៕