(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។
លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងណែនាំដល់មន្ទីរទេសចរណ៍ខេត្តសៀមរាប ឱ្យរៀបចំឡើងវិញ នូវការវិភាគមុខងារ និងរចនាសម្ព័ន្ធការងារក្នុងស្ថាប័ន ដើម្បីបង្កើនប្រសិទ្ធភាពការងារ។
លោក សុខ សូកេន មានប្រសាសន៍ថា រដ្ឋាភិបាលបានធ្វើបច្ចុប្បន្នអំពីយន្តការក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា(CTB) ។
ដែលនឹងដាក់ឱ្យដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមទៀត។
ជាមួយគ្នានេះលោកក៏ស្នើឱ្យមន្រ្តីរាជការទាំងអស់ បំពេញការងារ ឱ្យកាន់តែមានប្រសិទ្ធភាព ព្យាយាមពង្រឹងសមត្ថភាពបន្ថែម និងរិះរកមធ្យោបាយ នានា ដើម្បីអភិវឌ្ឍន៍ស្ថាប័នឱ្យកាន់តែប្រសើរ។
ការងារនេះអាចធ្វើទៅបាន គឺអាស្រ័យលើការសាមគ្គីគ្នា យោគយល់ ជំរុញ និងការចូលរួមពីភាគីពាក់ព័ន្ធនានា។
លោករដ្ឋមន្ត្រី បានជំរុញឱ្យមន្ទីរទេសចរណ៍ខេត្តបន្តការគិតគូរពាក់ព័ន្នឹងខ្សែក្រវាត់បៃតង នៅតាមតំបន់ទេសចរណ៍សំខាន់ៗ ។
ដែលប្រជាកសិករអាចដាំដុះបន្លែបង្ការ ត្រី សាច់គ្រប់ប្រភេទ ដើម្បីផ្គត់ផ្គង់ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្ត និងតំបន់ជុំវិញផងដែរ។
លោកបន្តថា កិច្ចការនេះជាការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ ស្របទៅនឹងកម្មវត្ថុ ការនាំចេញនៅនឹងកន្លែង។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានរំលេចពីផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្ដសៀមរាប ឆ្នាំ២០២១-២០៣៥ ។
ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ទេសចរណ៍ អាទិភាពខេត្តសៀមរាប មាន៦តំបន់ ជាពិសេសតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ជាគោលដៅទេសចរណ៍ជំនឿ សាសនា ធម្មជាតិ ផ្សងព្រេង ទេសចរណ៍ស្រាវជ្រាវ៕