(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការដាក់ចេញគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ គឺសំដៅបង្កើនប្រសិទ្ធភាពការរៀបចំយន្តការនិងប្រព័ន្ធការងារប្រទេសរបស់យើងឱ្យបានច្រើន ។
ដើម្បីធានានូវការបម្រើប្រជាពលរដ្ឋឱ្យបានលឿននិងប្រកបដោយប្រសិទ្ធភាព ដោយបង្ខិតសេវាឱ្យទៅកៀកជាមួយប្រជាពលរដ្ឋ។
សម្តេចធិបតី បានថ្លែងបន្តថា ការរៀបចំដាក់ចេញនូវប្រព័ន្ធច្រកចេញចូលតែមួយបានជួយកាត់បន្ថយពេលវេលា កាត់បន្ថយចំណាយ កាត់បន្ថយការិយាធិបតេយ្យ និងដើម្បីបង្កើនប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។
ដូច្នេះការកែទម្រង់គឺធ្វើឡើងដោយផ្អែកលើទិសដៅច្បាស់លាស់ ពោលគឺចាប់តាំងពីការរំដោះពីរបបប្រល័យពូជសាសន៍ពលពតមក រដ្ឋាភិបាលមានទិសដៅធ្វើឱ្យប្រទេសរឹងមាំ ឱ្យប្រជាជនកាន់តែមានជីវភាពល្អប្រសើរ និងលើកកម្ពស់សមត្ថភាពរបស់រាជរដ្ឋាភិបាលខ្លួនឯងក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អ។
សម្តេចធិបតី បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី បិទនិងបើកវគ្គបណ្តុះបណ្តាលនៃសាលាភូមិន្ទរដ្ឋបាល ដែលប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤៕