(បាត់ដំបង)៖ កាលពីព្រឹកទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ។
បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងឯកឧត្តម លោកជំទាវ ដែលបានជាប់ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តបាត់ដំបង សម្រាប់អាណត្តិទី៤ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅជុំវិញខេត្តបាត់ដំបង។
នៅក្នុងឱកាសនេះ, ឯកឧត្តម កើត រិទ្ធ បានអបអរសាទរ កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តបាត់ដំបង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅទូទាំងខេត្តបាត់ដំបង ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤ ដើម្បីបន្តដឹកនាំខេត្តបាត់ដំបង សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និង បន្តអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទោះបីជា ក្រុមប្រឹក្សាខេត្តដែលបានជាប់ឆ្នោត មានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នាក្តី ប៉ុន្តែសមាជិក សមាជិកា ទាំងអស់មានបេសកកម្មចម្បងរួមគ្នាមួយគឺ ដើម្បីបម្រើប្រជាពលរដ្ឋនៅខេត្តបាត់ដំបងទាំងមូល។
ថ្លែងនៅក្នុងពិធីនេះផងដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានគូសរំលេចអំពីយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមជាមួយនឹងកម្មវិធីនយោបាយជាអាទិភាព ៦ ចំណុច និង វិធានការគន្លឹះចំនួន ៥ ដែលត្រូវបានប្រកាសដាក់ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងទៅ។
ក្នុងចំណោមវិធានការគន្លឹះទាំង ៥ ចំណុចនោះ, ឯកឧត្តម កើត រិទ្ធ បានណែនាំឱ្យក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្ត ក៏ដូចជា អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ឱ្យផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រឹងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ជាពិសេស លើការកាត់បន្ថយ និង ឈានទៅដល់ការលុបបំបាត់ការជួញដូរ និង ការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍។
ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ទៅលើការរឹតបន្តឹង និង ចាត់វិធានការជាបន្ទាន់ និង ម៉ឺងម៉ាត់បំផុត ចំពោះករណីក្មេងទំនើង ដែលបាននិងកំពុងបង្កភាពភិតភ័យដល់ប្រជាពលរដ្ឋ និង អសន្តិសុខក្នុងសង្គម ដោយគ្មានការបន្ធូរបន្ថយ និង គ្មានការលើកលែង តាមបទបញ្ជាដែលបានប្រកាសដាក់ចេញដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅផងដែរ។
មុននឹងបញ្ចប់, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ក៏បានផ្តាំផ្ញើ និងណែនាំដល់សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤ នូវចំណុចមួយចំនួនបន្ថែមទៀត ពាក់ព័ន្ធនឹងកិច្ចការអាទិភាពដែលក្រុមប្រឹក្សាត្រូវអនុវត្ត រួមមាន៖
(១)-រៀបចំផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និង កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ដែលឆ្លុះបញ្ចាំង និង ឆ្លើយតបនឹងគោលបំណង និង គោលដៅអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមទាំង កម្មវិធីនយោបាយអាទិភាពនានាផ្សេងទៀត,។
(២)-ចូលរួមអនុវត្តកម្មវិធីកែទម្រង់នានារបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់កិច្ចសហការ និង ចូលរួមយ៉ាងពេញលេញក្នុងការអនុវត្តប្រកបដោយភាពម្ចាស់ការ និង ការទទួលខុសត្រូវខ្ពស់ ក្នុងក្របខ័ណ្ឌសមត្ថកិច្ច និង ការទទួលខុសត្រូវរបស់ខ្លួន ជាពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវពង្រឹងការដឹកនាំ ការគ្រប់គ្រង ការចាត់ចែង និង ការអនុវត្តមុខងារ និង ប្រើប្រាស់ធនធាននានាដែលបានផ្ទេរ,។
(៣)-ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និង ការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ក្រុមប្រឹក្សាត្រូវបន្តលើកកម្ពស់ការផ្តល់សេវារដ្ឋបាល និង សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស, តម្លាភាព និង ងាយស្រួល ស្របតាមគោលការណ៍, ស្តង់ដា, បែបបទ និង នីតិវិធីដែលបានកំណត់។
(៤)-ពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ក្រុមប្រឹក្សាត្រូវយកចិត្តទុកដាក់តាមដាន និង ត្រួតពិនិត្យការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ដើម្បីធានាសន្តិសុខ ស្ថិរភាព និង សណ្តាប់ធ្នាប់ល្អ ក្នុងខេត្តបាត់ដំបង សន្តិសុខ និង
(៥)-ត្រូវយកចិត្តទុកដាក់ខិតខំសម្របសម្រួលដល់ការបំពេញការងាររបស់ក្រុមការងារដែលចុះបំពេញការងារនៅគ្រប់ថ្នាក់ ដោយត្រូវរៀបចំវេទិកាសាធារណៈ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋបានសម្តែងមតិ និង លើកឡើងនូវបញ្ហាប្រឈម និង សំណូមពរនានា សំដៅរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន៕