ប្រទេសនូវែលសេឡង់ បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងបញ្ជូនបុគ្គលិកយោធាចំនួន 41នាក់បន្ថែមទៀត ទៅកាន់បេសកកម្មរបស់អង្គការសហប្រជាជាតិ តាមបណ្តោយតំបន់គ្មានយោធា ដែលមានកំពែងរឹងមាំ រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ។
ខណៈដែលប្រទេសនេះ សម្លឹងមើលការបង្កើនតួនាទីរបស់ខ្លួន នៅក្នុងបេសកកម្មអន្តរជាតិ។
រដ្ឋមន្ត្រីការពារជាតិនូវែលសេឡង់ លោកស្រី Judith Collins បានឱ្យដឹងថា ការសម្រេចចិត្តបង្កើនវត្តមានយោធារបស់នូវែលសេឡង់ពី ១២នាក់ ដល់៥៣នាក់ នៅឯ ទីបញ្ជាការ UN ឈរជើងនៅតំបន់ព្រំដែនគ្មានយោធាអន្តរកូរ៉េ បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដើម្បីគាំទ្រសន្តិភាព និងស្ថិរភាពនៅលើតំបន់ឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ថា៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon បានប្រឹងប្រែងបង្កើនការចូលរួមរបស់នូវែលសេឡង់ក្នុងបេសកកម្មអន្តរជាតិចាប់តាំងពីបាន ឡើងកាន់តំណែងកាលពីឆ្នាំមុនមក។
ក្នុងនោះរួមមានទាំងការបញ្ជូនក្រុមការពារសន្តិសុខ ដែនសមុទ្រទៅកាន់តំបន់សមុទ្រក្រហម៕