បាតុកររាប់រយនាក់ ក្នុងប្រទេសស្វីស កាលពីថ្ងៃពុធ បានតវ៉ាមិនឱ្យ អ៊ីស្រាអែល ចូលរួមការប្រកួតកីឡាអូឡាំពិកឆ្នាំ2024 នៅទីក្រុងប៉ារីស ចំពេលមាន “អំពើប្រល័យពូជសាសន៍” ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា។
ក្រុមបាតុករ បានប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការគណៈកម្មាធិការ អូឡាំពិកអន្តរជាតិនៅទីក្រុង Lausanne ដោយដៃរបស់ពួកគេលាបពណ៌ក្រហម ។
ដើម្បីទាក់ទាញការយកចិត្តទុកដាក់ចំពោះជនស៊ីវិល ក្នុងទឹកដីប៉ាឡេស្ទីន ។
ដោយបន្សល់ទុកស្នាមក្រហម នៅលើច្រកចូលអគារ ក្នុងកិច្ចប្រឹងប្រែងបញ្ចុះបញ្ចូលគណៈកម្មាធិការឱ្យចាត់វិធានការប្រឆាំងនឹងអ៊ីស្រាអែល។
ខិត្តប័ណ្ណផ្សព្វផ្សាយ ដោយក្រុមបាតុករ ដែលបានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មមកលើប្រទេសនេះបាននិយាយថា អ៊ីស្រាអែល «ចំអកការសម្រេចរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក៏ដូចជាតុលាការយុត្តិធម៌អន្តរជាតិ»។
ជាមួយគ្នានោះ ពួកគេក៏បានអំពាវនាវឱ្យប្រធានាធិបតីបារាំង Emmanuel Macron កាត់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល និងការផ្គត់ផ្គង់សព្វាវុធ ដាក់ពហិការផ្នែកវប្បធម៌ និងការសិក្សាលើប្រទេស និងបញ្ចប់កិច្ចព្រមព្រៀងអនុញ្ញាតឱ្យជនជាតិបារាំងចូលបម្រើក្នុងជួរកងទ័ពអ៊ីស្រាអែល។
ពលរដ្ឋបារាំងប្រមាណ៤.០០០នាក់បច្ចុប្បន្នកំពុងចូលរួមក្នុងការវាយលុករបស់យោធាអ៊ីស្រាអែលលើតំបន់ហ្គាហ្សា។
ទន្ទឹមនិងនោះដែរ យោងតាមគណៈកម្មាធិការបានឱ្យដឹងថា អត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស្ស នឹងត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំនេះដោយអព្យាក្រឹត។
ប៉ុន្តែពួកគេនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីបើកនោះទេ ហើយនឹងមិនប្រើប្រាស់ទង់ជាតិ និមិត្តសញ្ញា ឬភ្លេងជាតិឡើយ ដោយមិនមានមន្ត្រីរដ្ឋាភិបាលនៃប្រទេសណាមួយអញ្ជើញឱ្យចូលរួមក្នុងការប្រកួតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 26 ខែកក្កដាដល់ថ្ងៃទី 11 ខែសីហា។
អ៊ីស្រាអែល បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិចំពេលដែលការបន្តវាយលុកដ៏ឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ពីសំណាក់ក្រុមហាម៉ាសប៉ាឡេស្ទីន ទោះបីជាមានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារបទឈប់បាញ់ជាបន្ទាន់ក៏ដោយ។
ចាប់តាំងពីពេលនោះមក ជនជាតិប៉ាឡេស្ទីនជាង ៣៧,២០០នាក់ ត្រូវបានសម្លាប់នៅក្នុងហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយជាង ៨៤,៩០០នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់។
ប្រាំបីខែក្នុងសង្រ្គាមអ៊ីស្រាអែល តំបន់ហ្គាហ្សាដ៏ធំល្វឹងល្វើយបានខ្ទេចខ្ទាំ ចំពេលមានការរាំងស្ទះអាហារ ទឹកស្អាត និងថ្នាំពេទ្យ។
អ៊ីស្រាអែលត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិ ដែលសេចក្តីសម្រេចចុងក្រោយរបស់វាត្រូវបានបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការរបស់ខ្លួននៅក្នុងទីក្រុង Rafah ភាគខាងត្បូង ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់បានស្វែងរកការជ្រកកោនពីសង្រ្គាម មុនពេលវាត្រូវបានឈ្លានពាននៅថ្ងៃទី 6 ខែឧសភា៕