Update៖ លោក បៃដិន និងលោក ហ្សេលេនស្គី ចុះកិច្ចព្រមព្រៀងសន្តិសុខអាមេរិក-អ៊ុយក្រែនរយៈពេល១០ឆ្នាំ!

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីមួយ ។
ដែលមានសុពលភាព១០ឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ក្នុងគោលបំណងជំរុញវិស័យការពារ របស់អ៊ុយក្រែនប្រឆាំងនឹង កងទ័ពរុស្ស៊ី និងត្រួសត្រាយផ្លូវ ឱ្យអ៊ុយក្រែនកាន់តែខិតជិត ទៅរកសមាជិកភាព NATO។

កិច្ចព្រមព្រៀងសន្តិសុខខាងលើដែលត្រូវបានចុះហត្ថលេខា នាឱកាសមេដឹកនាំទាំង២ ចូលរួមកិច្ចប្រជុំ G7 ក្នុងប្រទេសអ៊ីតាលី ក៏មានគោលដៅរក្សាឱ្យបានផងដែរនូវ ការតាំងចិត្តរបស់រដ្ឋបាលអាមេរិក។
ដើម្បីគាំទ្រអ៊ុយក្រែន បើទោះជាប្រសិនបើអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចត្រឡប់មកអង្គុយកៅអីសេតវិមាន សាជាថ្មីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខនេះក៏ដោយ។

ថ្លែងនៅឯសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ហ្សេលេនស្គី លោក បៃដិន បានលើកឡើងដូច្នេះថា «គោលដៅរបស់យើង គឺពង្រឹងសមត្ថភាពការពារជាតិ គួរឱ្យទុកចិត្តបានរបស់អ៊ុយក្រែន និងសមត្ថភាពកំញើញរយៈពេលវែង»។

លោកបន្ថែមទៀតថា ជាសាររបស់ G7 ផ្ញើទៅកាន់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នោះគឺ «អ្នក (លោក ពូទីន) មិនអាចរង់ចាំមើលឃើញពួកយើងដកថយនោះទេ ហើយអ្នកមិនអាចបំបែកបំបាក់ពួកយើងបានឡើយ»។

គួរបញ្ជាក់ថា អំឡុងកិច្ចប្រជុំកំពូលនោះដែរ ក្រុមប្រទេស G7 បានឯកភាពគ្នាផ្ដល់កម្ចី ៥០ពាន់លានដុល្លារសម្រាប់ការជួយអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងប្រើប្រាស់ ជាការបោះជំហានមួយឆ្ពោះទៅរកសមាជិកភាព NATO​ របស់ទីក្រុងកៀវ នៅពេលអនាគត៕

Leave a Reply

Your email address will not be published. Required fields are marked *