(ភ្នំពេញ)៖ (ស្ពានអាកាសភ្លោះ)ត្រង់ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់ រាជធានីភ្នំពេញ និងខេត្តកណ្ដាល។
ត្រូវបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកទី១៧.០៦.២០២៤ ក្នុងនោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក៏បានអញ្ជើញចូលរួមផងដែរ។
ស្ពានអាកាសភ្លោះ ដែលបើកការដ្ឋានសាងសង់នាពេលនេះដើម្បីឆ្លើយតបទៅនឹងស្ថានភាពចរាចរណ៍ ដែលនឹងមានសភាពកាន់តែមមាញឹកនៅពេលព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ស្ថិតក្នុងខេត្តកណ្តាល ត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥។
មហាវិថី សម្តេចតេជោ ហ៊ុន សែន ត្រូវបានសង់តភ្ជាប់ទៅដល់ព្រលានយន្តហោះថ្មីនេះ។
ច្បាស់ណាស់ នៅពេលព្រលានយន្តហោះដាក់ឱ្យដំណើរការចរាចរណ៍កាន់តែមមាញឹក ហើយនៅចំណុចឆ្លងកាត់ផ្លូវជាតិលេខ២ អាចប្រឈមការកកស្ទះប្រសិនបើមិនមានស្ពានអាកាសភ្លោះ សម្រាប់ឆ្លងកាត់លើផ្លូវជាតិលេខ២ទេនោះ។
ស្ពានអាកាសភ្លោះនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ។
ដោយគ្រោងប្រើរយៈពេលសាងសង់ចំនួន ១២ខែ និងត្រូវចំណាយថវិកាចំនួន ១៦,២០០,៥០០ដុល្លារ ជាកញ្ចប់ថវិកាបានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោងសាងសង់ ស្ពានអាកាស គង់ សំអុល និងមូលនិធិអភិវឌ្ឍកោះនរា។
គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ នឹងត្រូវសាងសង់ស្ពានអាកាសភ្លោះជាផ្លូវឯកទិស ដោយស្ពានទី១, មានទិសដៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវ ជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ និងស្ពានទី២,មានទិសដៅពី អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះតាមបណ្ដោយមហាវិថី សម្តេចតេជោ ហ៊ុន សែន វិញ៕